ភ្នំពេញៈ ជនសង្ស័យប្រុសស្រី៣នាក់នៅហាងម៉ាស្សាមួយកន្លែងគ្មានយីហោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីមានបុរសម្នាក់ដាក់ពាក្យបណ្តឹងថាបាត់លុយនៅទីតាំងខាងលើចំនួន២០០ដុល្លារ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទី រសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វាសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
នៅក្នុងករណីខាងលើនេះទាំងភាគីរងគ្រោះនិងភាគីម្ខាងទៀតមិនបានផ្តល់ឈ្មោះនោះទេ។
ប្រភពព័ត៌មានពីបុរសរងគ្រោះបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានទៅកោសជប់នៅកន្លែងកើតហេតុខាងលើ ហើយដោយបានដោះខោអាវព្យួនិងជញ្ជាំ ដោយនៅក្នុងកាបូបនៅក្នុងខោអាវនោះមានលុយចំនួន១០០០ដុល្លារ លុះកោសជប់រួច ចេញមកវិញហៅម៉ូតូឌុបជិះហើយបានដកលុយឲ្យទៅម៉ូតូឌុប ហើយស្រាប់តែមើលលុយក្នុងកាបូបនៅសល់តែ៨០០ដុល្លារក៏មានការភ្ញាក់ផ្អើលទៅប្តឹងសមត្ថកិច្ចតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានហៅភាគីពាក់ពន្ធ័ខាងលើមកសួរនាំនៅប៉ុស្តិ៍នគរបាលកាកាប នៅពេលដែលដល់ប៉ុស្តិ៍អ្នកគ្រប់គ្រងកន្លែងខាងលើបានចេញសំណងដែលបាត់ចំនួន២០០ដុល្លារនោះទៅខាងភាគីរងគ្រោះ។
ទោះជាយ៉ាងណាសមត្ថកិច្ចប៉ុស្តិ៍កាកាបកំពុងយកចិត្តទុកដាក់ស្រាវជ្រាវវែកមុខរកជនល្មើសក្នុងករណីខាងលើនៅឡើយ៕
មតិយោបល់