ព័ត៌មានជាតិ

រថយន្តកូរេដឹកសម្ភារៈក្មេងលេងបើកឆ្លងផ្លូវ រ៉ឺម៉កមកបញ្រ្ចាសទិស ជាន់ហ្រ្វាំងមិនជាប់បុកពេញទំហឹង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ​ ដែលកើតឡើងរវាងរថយន្តនិងម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យខូចខាតសម្ភារ: និងអ្នកបើកបររងរបួសស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ តាកន ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តកូរេដឹកសម្ភារ:ក្មេងលេងមួយគ្រឿង ពាក់ផ្លាកលេខ កំពង់ចាម 3A- 4390 ធ្វើដំណើរក្នុងទិសដៅ ពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងចូលចត ដើម្បីនាំគ្នាហូបបាយ តែស្របពេលនោះមានម៉ូតូសណ្តោងរ៉ឺម៉កដឹក ចាន កែវ ពែង មួយគ្រឿង បើកបរដោយបុរសម្នាក់ ទិសដៅបញ្រ្ចាសគ្នា ជាន់ហ្រ្វាំងមិនជាប់ ជ្រុលទៅបុកគូទរថយន្តពេញទំហឹង បណ្តាលឲ្យជ្រុះកញ្ច្រែងចាន កែវ និងពែង កំពប់ បែកខ្ចាយពេញផ្លូវ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះដល់ទីតាំងកន្លែងកើតហេតុ និងឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួល ដោយភាគីខាងរថយន្តមិនចង់វែងឆ្ងាយ ទើបព្រមសងសំណងចំនួន២៥០$ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុព្រោះមិនចង់វែងឆ្ងាយ ៕

មតិយោបល់