ព័ត៌មានជាតិ

តុលាការសម្រេចផ្តន្ទាទោសអ្នកនិពន្ធបទចម្រៀង ឱ្យ M Production ដាក់ពន្ធនាគារ៦ខែ រឿងឆបោកម៉ូតូមិត្តភក្តិ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦នេះលោក ស្វាយ តុញ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានី​ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសជនជាប់ចោទម្នាក់ ឈ្មោះ សាត សំណាង ហៅ ឡុង សំណាង ភេទប្រុស អាយុ ៣៣ឆ្នាំ មានមុខរបរជាអ្នកនិពន្ធបទចម្រៀង ឱ្យផលិតកម្មអឹម (M Production) ​ដាក់ពន្ធនាគារកំណត់រយៈពេល៦ខែ ក្រោមបទចោទប្រកាន់ រំលាភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចផ្ទះលេខ1CE0 ផ្លូវ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បទល្មើស ដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៣៩១ និង៣៩២ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា នៅក្នុងសវនាការ កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ ជនជាប់ចោទឈ្មោះ សាត សំណាង ហៅ ឡុង សំណាង បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកម៉ូតូរបស់មិត្តភក្តិ ម៉ាកហុងដា C125 ព័ណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ទៅបញ្ចាំ ចំណុចផ្ទះលេខ1 CE0 ផ្លូវ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា ពិតប្រាកដមែន។

គួររំឮកថា ជនជាប់ចោទ ត្រូវបានគេស្គាល់ថា ជាអ្នកនិពន្ធបទចម្រៀង ប្រចាំក្នុងផលិតកម្មអឹម (M Production) ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនកាលពី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥កន្លងទៅ ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ៕

photo_2016-04-06_16-13-18 photo_2016-04-06_16-13-25

មតិយោបល់