ព័ត៌មានជាតិ

អាជា្ញធរាជធានីស្នើឲ្យបង្រ្កាបល្បែងស៊ីសង និងថ្នាំញៀន ដែលកំពុង សកម្មនៅក្នុងខណ្ឌ៧មករា

ភ្នំពេញ ៖ ល្បែងស៊ីសង គ្រប់ប្រភេទនិងគ្រឿងញៀនត្រូវបានប្រជាពលរដ្ឋ និងយុវជនធ្វើសកម្មភាពយ៉ាងសកម្ម នៅក្នុងមូលដ្ឋាន ខណ្ឌ៧មករា។ ជុំវិញភាពអសកម្មនេះសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានធ្វើការស្នើសុំ យ៉ាងទទួច ទៅសមត្ថកិច្ចប៉ូលិស រាជធានីភ្នំពេញ ឲ្យលុបបំបាត់ឲ្យអស់ ដើម្បីធ្វើយ៉ាងណាឲ្យភូមិសង្កាត់មានសុវត្ថិភាព។
ការស្នើសុំរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបែបនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីលើកទី២៣កាលពីព្រឹកថ្ងៃទី៦ មេសា ឆ្នាំ២០១៦ នៅសាលារាជធានីភ្នំពេញ។
លោកគឹម ណារុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងថា មានប៉ូលិសខណ្ឌ៧មករា មួយចំនួន បានដើរយកលុយ ពីកន្លែងប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទ ដោយមិនដឹងពីតួនាទីរបស់ខ្លួននោះទេ។ ដូច្នេះហើយលោកស្នើសុំទៅអាជ្ញាធរខណ្ឌ៧មករា និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមេត្តាយកចិត្តទុកដាក់និងមានវិធានការក្នុងការលុបបំបាត់ ល្បែងស៊ីសងនេះ ឲ្យអស់ផង។
លោកម៉ន ផល្លាដែលជាសមាជិកក្រុមដែរនោះក្នុងកិច្ចប្រជុំនេះក៏បានលើកឡើងពីភាពអវិជ្ជាមាន មួយចំនួន នៅក្នុងអាណាចក្រ ខណ្ឌ៧មករា នេះផងដែរ ដោយលោកបានបញ្ជាក់ថានៅក្នុងមូលដ្ឋានខណ្ឌនេះពិសេសនៅក្នុងសង្កាត់អូឬស្សីទី១ អូឬស្សីទី៤ មានមុខសញ្ញាចែកចាយនិងប្រើប្រាសគ្រឿងញៀនយ៉ាងសកម្ម ហើយនៅពេលប្រជាពលរដ្ឋចូលរួម សហការ ដោយផ្តល់ព័ត៌មាន មកប៉ូលិសមូលដ្ឋាន បែរជាប៉ូលិសមូលដ្ឋាននោះជម្រុញឲ្យប្រជាពលរដ្ឋចុះទៅបង្ក្រាបខ្លួនឯងទៅវិញ។
លោកសួរថា ថាតើភូមិសង្កាត់សុវត្ថិភាពនៅត្រង់ណាបើសមត្ថកិច្ចព្រងើយកន្តើយបែបនេះ។
ក្រៅពីការលើកឡើងខាងលើសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញក៏មានការលើកឡើងពីការជម្រុញឲ្យមានកសាងហេដ្ឋារចនា សម្ព័ន្ធនានាដូចជាការស្ថាបនា ការជួសជុលផ្លូវ ការកសាងប្រឡាយលូរំដោះទឹកនិងជម្រុញ ការផ្តល់ទឹកស្អាត ជូនប្រជាពលរដ្ឋផងដែរ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមប្រឹកក្សានេះធ្វើឡើងក្រោយអធិបតីភាពលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីនិងមានការចូលរួមពីអាជ្ញាធរខណ្ឌនិងកម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញផងដែរ៕

   
    
 

មតិយោបល់