ព័ត៌មានជាតិ

បានដៃជិះម៉ូតូឆក់ឡែបថបជនជាតិអូស្រ្តាលីម្នាក់ សមត្ថកិច្ចតាមទាន់អស់ឬទ្ធិ!

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំងសហការជាមួយកម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញពីបទលួច (ជិះម៉ូតូឆក់ឡែបថប) របស់ស្រ្តីជនជាតិអូស្រ្តាលីម្នាក់។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៧និង៤០នាទីព្រឹក នៅចំណុចផ្លូវលេខ២២២កែងផ្លូវលេខ៥១ ភូមិទី៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ជា អ៊ាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះលេខ១២២B ផ្លូវលំ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកជនរងគ្រោះឈ្មោះ GRIFFITH DEBBIE ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិអូស្តា្រលី មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ PEO405573 ស្នាក់នៅសណ្ឋាគារ PLANTATION ផ្លូវលេខ១៨៤ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៤និង៣០នាទីរសៀល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំងសហការជាមួយកម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួច (ជិះម៉ូតូឆក់ឡែបថប) ហើយវត្ថុតាងចាប់យកបានមាន ឡែបថបមួយគ្រឿងម៉ាក APPLE MACITOSH ពណ៌ទឹកប្រាក់ (បានប្រគល់ឲ្យជនរងគ្រោះវិញ) ម៉ូតូមួយគ្រឿងម៉ាក YAMAHA  XT ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE-4440 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) ទូរស័ព្ទដៃម៉ាកអាយហ្វូន7ផ្លើស ពណ៌ក្រហម និងកាបូបខ្មៅមួយមានលុយ៥០០០០រៀល។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

មតិយោបល់