កណ្ដាលៈ សមត្ថកិច្ចចុះល្បាតភូមិសាស្ត្រឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ដកហូតបានសារធាតុញៀន២កញ្ចប់តូច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវលំដីចិន ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ពៅ សំអូន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ (ឃាត់ខ្លួន)។ ទី២ឈ្មោះ ហេង វាសនា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (គេចខ្លួន)។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ២កញ្ចប់តូច។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុដូចខាងលើ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកហូរជិះល្បាតតាមភូមិសាស្រ្ត ពេលដែលមកដល់ចំណុចកើតហេតុខាងលើក៏បានឃើញជនសង្ស័យទាំង២ខាងលើកំពុងតែឈរនៅមុខផ្ទះ ពេលដែលសមត្ថកិច្ចទៅជិតដល់ឈ្មោះ ហេង វាសនា បានរត់ទៅខាងក្រោយផ្ទះរបស់គេ បន្ទាប់មកសមត្ថកិច្ច ក៏ឃាត់បានជនសង្ស័យម្នាក់នៅហ្នឹងកន្លែងហើយរកឃើញថ្នាំញៀន២កញ្ចប់តូចនៅលើខ្លួនឈ្មោះ ពៅ សំអូន។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ពៅ សំអូន បានឆ្លើយសារភាពថា ថ្នាំខាងលើពិតជារបស់ខ្លួនមែនដោយខ្លួនបានទិញពីឈ្មោះ ហេង វាសនា ដើម្បីយកទៅប្រើប្រាស់។កន្លងមកឈ្មោះ ពៅ សំអូន ធ្លាប់ប្រើប្រាស់ថ្នាំញៀនអស់រយៈពេលយូរឆ្នាំមកហើយដោយថ្នាំញៀននេះ គឺទិញពីឈ្មោះ ហេង វាសនា រហូត។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់