ភ្នំពេញៈ នាវេលាម៉ោង០៨ និង៥២នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ស្រ្តីម្នាក់បើករថយន្តម៉ាក Toyota Prius មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BH-2230 បុកម៉ូតូមួយគ្រឿងអូសប្រហែល៥០០ម៉ែត្រ បណ្តាលអោយរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-2230 បើកបរដោយស្រ្តីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី បានបុកម៉ូតូ១គ្រឿងម៉ាកនិច នៅម្តុំស្តុបផ្សារជែនជូរី គាបជាប់អូស ប្រហែល ៥០០ ម៉ែត្រ មកដល់ត្រង់ចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ទើបទៅមុខលែងរួច ។ ចំណែកឯម្ចាស់ម៉ូតូ នោះវិញ ត្រូវបានលោចចុះទាន់ និងបានរងរបួសបន្តិចបន្តួចតែប៉ុណ្ណោះ ។
នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ ។ បន្ទាប់មកសមត្ថកិច្ចបានយករថយន្តនិងម៉ូតូមកដាក់អែបខាង ដើម្បីកុំឲ្យស្ទះចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ។ ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានឲ្យភាគីទាំងពីរធ្វើការចរចាគ្នា បើការចរចានោះមិនត្រូវរ៉ូវគ្នា សមត្ថកិច្ចនឹងយករថយន្ត និងម៉ូតូទៅរក្សាទុកជាបណ្តោះអាស្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនាពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ។
ចំពោះករណីខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់នោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕




មតិយោបល់