ព័ត៌មានជាតិ

យុទ្ធនាការ ភូមិ សង្កាត់ ផ្លូវសាធារណៈ និងរាជធានី គ្មានសំរាម

ភ្នំពេញ: អាជ្ញាដែនដី មន្ទីរបរិស្ថានរាជធានីភ្នំពេញ និងក្រុមហ៊ុនស៊ីនទ្រី នៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦នេះ បានបន្តធ្វើយុទ្ធនាការ អនាម័យ និងបរិស្ថាន នៅតំបន់មួយចំនួនក្នុងសង្កាត់ផ្សារថ្មី៣ ដើម្បីលុបបំបាត់ដេប៉ូសំរាម ដោយយករថយន្ត មកបញ្ឈរសម្រាប់ត្រងសំរាម ដែលចេញពីច្រកតូចៗក្នុងតំបន់នេះ។

យុទ្ធនាការនេះ ធ្វើឡើងដើម្បីដាស់អារម្មណ៍ប្រជាពលរដ្ឋមួយចំនួន ដែលមិនទាន់បានចូលរួម ក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ពោលគឺបោះសំរាមចោលអនាធិបតេយ្យពាសវាលពាសកាល ធ្វើឱ្យប៉ះពាល់ដល់ អនាម័យ និងបរិស្ថានរស់នៅ ក៏ដូចជាបាត់បង់សោភណ្ឌភាពក្នុងរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជា។

អាជ្ញាធរ និងផ្នែកពាក់ព័ន្ធបានចេញនូវបំរាមឱ្យមានការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្នុងនោះបានបង្ហាញពីរបៀបទុកដាក់ វេចខ្ចប់ និងពេលវេលាទុកដាក់សំរាម ដូចមានខាងក្រោម៖
១-របៀបទុកដាក់សម្អាត និងចាក់សំរាម៖ ត្រូវទុកដាក់សំរាមនៅក្នុងធុង កញ្ឆេ ឬក្នុងថង់ប្លាស្ទិក ត្រូវចងមាត់ថង់សំរាមឲ្យជិត និងទុកដាក់ឲ្យបានត្រឹមត្រូវ ត្រូវសម្អាតមុខផ្ទះ មុខទីតាំង កន្លែងទុកដាក់សំរាម និងមាត់លូខាងមុខផ្ទះជាប្រចាំ។
២-កន្លែងចាក់សំរាម៖ បើផ្ទះនៅតាមផ្លូវធំ សំរាមដែលវេចខ្ចប់ហើយ ត្រូវដាក់នៅមុខផ្ទះរៀងៗខ្លួន បើផ្ទះនៅតាមច្រកផ្លូវតូច ឬឌឿងហែម រថយន្តចូលមិនដល់ ត្រូវដាក់សំរាមនៅមុខផ្ទះ ឬមុខជណ្តើរដើម្បីឲ្យរទេះអូសសំរាម ចូលទៅយកជារៀងរាល់ថ្ងៃ។
៣-ពេលវេលាចាក់សំរាម៖ សំរាមអាចបញ្ចេញ និងចាក់បាននៅថ្ងៃដែល បានកំណត់ពេលរថយន្តមកដឹកប៉ុណ្ណោះ សំរាមអាចបញ្ចេញ ឬចាក់បានតែក្នុងរយៈពេលខ្លី គឺ១ម៉ោងមុនឡាន សំរាមមកប្រមូល។
៤-ការហាមប្រាម៖ មិនត្រូវចាក់សំរាមចោលផ្ទាល់ទៅលើដី មិនត្រូវបោះសំរាមចោលតាមដងផ្លូវ ទីសាធារណៈនិងក្នុងទីផ្សារឡើយ មិនត្រូវទុកសំរាមចោលឲ្យរាយប៉ាយ ហូរទឹកស្អុយកង្វក់ នៅមុខផ្ទះ ឬជុំវិញលំនៅដ្ឋាន មិនត្រូវយកសំរាមទៅចាក់នៅតំបន់អ្នកដទៃ មិនត្រូវចាក់សំរាមខុសថ្ងៃ និងពេលវេលាកំណត់ ប្រសិនបើលោកអ្នកខកខានមិនបានចាក់សំរាម តាមពេលម៉ោងដែលបានកំណត់ សូមរង់ចាំចាក់សំរាម នៅវេនលើកក្រោយទៀត។

គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ នៅមានប្រជាពលរដ្ឋជាច្រើន មិនទាន់បានយល់ដឹងច្បាស់ អំពីការវេចខ្ចប់ ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅឡើយ ចាក់ទឹកកខ្វក់មកនៅលើដងផ្លូវ ដាក់សំរាមនៅត្រង់មាត់លូ គំរបលូ និងទុកសំរាមរាយប៉ាយនៅតាមទីសាធារណៈ ដែលជាហេតុនាំឱ្យស្ទះទឹកហូរចូលលូ មានក្លិនមិនល្អ បាត់សោភណ្ឌភាពក្នុងទីក្រុងជាដើម។

យ៉ាងណាអាជ្ញាធររាជធានីភ្នំពេញ ធ្លាប់បានធ្វើយុទ្ធនាការ ប្រមូលសំរាមនៅតាមដងផ្លូវទីសាធារណៈ ទីប្រជុំជន សួនកំសាន្ត និងសួនច្បានានា ជាច្រើនលើកច្រើនសារមកហើយ ជាគំរូ ក៏ដូចជាបំរាម ដល់ពលរដ្ឋកុំឱ្យបោះសំរាមចោល ដោយអនាធិបតេយ្យតទៅទៀត រួមគ្នាធ្វើឱ្យគេហដ្ឋានស្អាត ទីក្រុងគ្មានសំរាម៕

photo_2016-05-23_13-03-51 photo_2016-05-23_13-03-52

មតិយោបល់