ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីកាន់កាប់ រក្សាទុកអាវុធខុសច្បាប់កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៣នឹង៥០នាទី។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ន ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា ឃើញជនជាតិចិនម្នាក់ពាក់អាវខ្មៅ មានកាបូបសង្ស័យមានអាវុធខ្លី បានឡើងជិះរថយន្ត១គ្រឿង ម៉ាក LEXUS RX300 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AT-6732 នៅចំណុចផ្លូវពយកំពេញចាស់ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់៣ ចុះទៅដល់កន្លែងទីតាំងខាងលើ រួចត្រួតពិនិត្យរថយន្តជាលទ្ធផល ឃើញមានជនជាតិចិន១នាក់ និងរកឃើញមានអាវុធខ្លី១ដើម ម៉ាក SIGSAUER ពណ៌ខ្មៅ មានលេខសម្គាល់ 58C315204 បង់កាំភ្លើង១ មានគ្រាប់៩គ្រាប់។
លោកស្នងការបន្តថា បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនម្នាក់នោះ និងរថយន្ត១គ្រឿងខាងលើ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ។ ជនសង្ស័យឈ្មោះ Wu Hai Zhu ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ពុំមានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
វត្ថុតាងចាប់យកបាន៖ អាវុធខ្លី១ដើម ម៉ាក SIGSAUER ពណ៌ខ្មៅ មានលេខសម្គាល់ 58C315204 បង់កាំភ្លើង១ មានគ្រាប់ ៩គ្រាប់, ទូរស័ព្ទដៃ៣គ្រឿង (ម៉ាកi-Phone X ពណ៌ខ្មៅ ១គ្រឿង, ម៉ាកi-Phone X11 ពណ៌ទឹកមាស ១គ្រឿង និងម៉ាក i-Phone X 12 ពណ៌ខ្មៅ១គ្រឿង), រថយន្ត ១គ្រឿង ម៉ាក LEXUS RX300 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AT-6732។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ៕
មតិយោបល់