កណ្តាលៈ លោកមេប៉ុស្តិ៍ព្រះប្រសប់ ត្រូវបានជនដៃដល់ ដែលកំពុងឈ្លោះគ្នាជាមួយប្រពន្ធដោយការប្រចណ្ឌ័ ត្រូវបានជនបង្កវាយបណ្តាលឲ្យសន្លប់ ទើបត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ទី១.ឈ្មោះ លី វួចហេង ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិឃុំ កើតហេតុ (ជាប្រពន្ធ) និងទី២.ឈ្មោះ ពៅ ភន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ នាយប៉ុស្តិ៍នគរបាល ស្នាក់នៅភូមិឃុំ កើតហេតុខាងលើ។ ចំណែកជនសង្ស័យមានឈ្មោះ ម៉ោង ផល្លី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបររត់ម៉ូតូកងបី ស្នាក់នៅភូមិឃុំ កើតហេតុ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កន្លងមកជនសង្ស័យធ្លាប់ធ្វើសកម្មភាពប្រើហិង្សាជាច្រើនលើកលើប្រពន្ធនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ម៉ោង៩យប់ ដោយជនសង្ស័យមានសភាពស្រវឹងស្រាបានវាយប្រពន្ធត្រូវមុខនិងទ្រូង។ ពេលវាយហើយបានជិះម៉ូតូកង់បីគេចទៅភ្នំពេញបាត់។ លុះដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៧និង៣០នាទី ជនសង្ស័យបានជិះកង់បីមកដល់ផ្ទះវិញតាមវាយប្រពន្ធ ដោយប្រចណ្ឌប្រពន្ធ ពេលកំពុងវាយប្រតាយប្រតប់វាយប្រពន្ធនោះ លោក ពៅ ភន នាយប៉ុស្តិ៍បព្រះប្រសប់ ចុះមកអន្តរាគន៍ទៅឃាត់ជនសង្ស័យ ពេលឃាត់នោះត្រូវជនសង្ស័យដាល់ត្រូវក្បាលផ្នែកខាងក្រោយមួយដៃបណ្ដាលឲ្យដួលសន្លប់បាត់ស្មារតី។ បន្ទាប់មកកម្លាំងអធិការដ្ឋានបានចាប់ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានដើម្បី អនុវត្តតាមនីតិវិធីច្បាប់តែម្តង៕
មតិយោបល់