ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៧ តុលា ប្រជាពលរដ្ឋក្នុងខណ្ឌឬស្សីកែវ បានលើកឡើងនូវសំណួរ និងសំណូមពរផ្ទាល់មាត់ និងជាលិខិតចំនួន៦៦បញ្ហា ដាក់ជូនក្រុមប្រឹក្សារាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចអាជ្ញាធរខណ្ឌ សង្កាត់ មន្ទីរជំនាញ និងនគរបាលប៉ុស្តិ៍ឲ្យឆ្លើយតប និងជួយដោះស្រាយក្នុងវេទិកាសាធារណៈដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អណត្តិទី២។
បងប្អូនប្រជាពលរដ្ឋបានលើកឡើងបញ្ហាជាច្រើនដែលពាក់ពន្ធ័ដោយផ្ទាល់ទៅនឹង ជីវភាពរស់នៅប្រចាំថ្ងៃ ការអភិវឌ្ឍន៍មូលដ្ឋាន បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន ការសុំឲ្យអាជ្ញាធរពន្លឿន ការធ្វើអត្តសញ្ញាណបណ្ណ័ជូនប្រជាពលរដ្ឋ ការស្ថាបនា ផ្លូវ ការដាក់ភ្លើងបំភ្លឺ ជាដើម។
ក្តីកង្វល់របស់ប្រជាពលរដ្ឋដែលលើកឡើងភាគច្រើនជារឿងដដែលៗ ក្នុងនោះសុំឲ្យ ក្រុមហ៊ុនស៊ីនទ្រី កុំចេះតែឡើងថ្លៃសេវា ប្រមូលសំរាមដោយមិនបានពិភាក្សាជាមួយម្ចាស់ផ្ទះ និងសុំកាត់ចោលបំណុលសំរាមចាស់។ ប្រជាពលរដ្ឋបានស្នើសុំឲ្យសមត្ថកិច្ច និងអាជ្ញាធរ ដែនដីពាក់ពន្ធ័ជួយចាត់វិធានការទប់ស្កាត់បទល្មើសលួចឆក់លើកំណាត់ផ្លូវចាប់ពីអង់តែងទួលគោក ដល់ផ្លូវលេខ៣៥៥។
ពាក់ពន្ធ័នឹងការធ្វើអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅស្នាក់នៅរបស់ប្រជាពលរដ្ឋជាដើម អាជ្ញាធរតែងលើកឡើងថា ធ្វើមិនអស់លុយទេ។ តែការពិតបើមិនមានលុយទេ មិនងាយបានជួបអស់លោកមន្ត្រីនោះឡើយ។ ពាក់ព័ន្ធនឹងការសុំធ្វើបណ្ណ័កម្មសិទ្ធិ របស់ប្រជាពលរដ្ឋនៅសហគមន៍បឹងឈូកសង្កាត់ទួលសង្កែ ប្រជាពលរដ្ឋសុំឲ្យអាជ្ញាធរជួយបញ្ជាក់ ថាតើឯកសារស្នើសុំនោះខុសច្បាប់យ៉ាងណា។ ជាមួយគ្នានេះក៏មានប្រជាពលរដ្ឋម្នាក់បានសួរទៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យជួយបំភ្លឺពីករណីសុំប្តូរប័ណ្ណ បើកបរត្រូវបានគេទារលុយ៧០ដុល្លារ។
លោកស្រីម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានីភ្នំពេញបានណែនាំឲ្យអស់លោកជា អាជ្ញាធរដែនដី ជានគរបាលប៉ុស្តិ៍ ជាចៅសង្កាត់ និងមន្ទីរពាក់ពន្ធ័ត្រូវកត់ត្រាឲ្យច្បាស់រាល់ សំណូមពរ និងសំណើរទាំងប៉ុន្មានដែលប្រជាពលរដ្ឋ បានលើកឡើងពេលនេះ ហើយចុះ ទៅមើលដល់ទីតាំងនៃបញ្ហាទាំងនោះដើម្បីមានវិធានការដោះស្រាយ។ យើងទាំងអស់គ្នា មានតួនាទីដោះស្រាយបញ្ហាជូនបងប្អូន ហើយក៏សូមឲ្យបងប្អូនចូលរួម និងមិនត្រូវខឹងគោ មកវាយរទេះនោះទេ គឺត្រូវកំណត់បុគ្គលដែលធ្វើខុសឲ្យច្បាស់លាស់ដើម្បីមានវិធានការដោះស្រាយ៕
មតិយោបល់