ជប៉ុនៈ ទីភ្នាក់ងារឧតុនិយមក្នុងប្រទេស (JMA) នៅថ្ងៃពុធនេះ បានព្រមានពីគ្រោះទឹកជំនន់ និងការរអិលបាក់ភក់ ដែលអាចកើតមានឡើង សម្រាប់ប្រជាជនខ្លួនប្រហែល ៣០០.០០០ នាក់ នៅទីក្រុង Hamamatsu ក្នុងខេត្ត Shizuoka និងតំបន់ Chubu នៃកោះ Honshu ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ២១ ខែមិថុនា ឆ្នាំ២០១៧។
អាជ្ញាធរក្នុងតំបន់ បានព្រមានថា ទឹកទន្លេ Tsuribashi នៅក្នុងទីក្រុង Hamamatsu បានឈានដល់កម្រិត គ្រោះថ្នាក់រួចទៅហើយ ដោយច្រាំងទន្លេរបស់វា អាចនឹងជន់ជោរនៅតំបន់ជុំវិញ ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំង។
ប្រភពដដែរ បានបញ្ជាក់ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ បរិមាណទឹកភ្លៀងបានកើនទ្បើងហួសកំណត់ គឺ២០០ មីល្លីម៉ែត្រ នៅក្នុងខេត្ត Shizuoka និង ២៥០ មីល្លីម៉ែត្រ នៅខេត្ត Mie ខណៈដែលទីភ្នាក់ងារអាកាសធាតុ បានឲ្យដឹងថា នៅខេត្ត Wakayama មានភ្លៀងធ្លាក់លើសពី ៤០០ មីល្លីម៉ែត្រឯណ្ណោះ។
ចំណែកឯតំបន់ Kanto-Koshin រួមបញ្ចូលទាំងទីក្រុងតូក្យូ មានភ្លៀងធ្លាក់ ៤០ មីលីម៉ែត្រ និងខ្យល់បក់ខ្លាំង ក្នុងរយៈមួយម៉ោង។
ក្នុងនោះដែរ ប្រព័ន្ធដឹកជញ្ជូនមួយចំនួន ត្រូវបានរងផលប៉ះពាល់ រួមទាំងបញ្ចូលទាំងរថភ្លើង Tokaido Shinkansen ត្រូវបានផ្អាកសេវាកម្មរបស់ខ្លួនផងដែរ៕
មតិយោបល់