ព័ត៌មានជាតិ

កម្មករកម្មការិនីរោងចក្រកាត់ដេរ អ៊ីនធើណាស្យូណាល់ ហ្វេសិន រ៉ូយ៉ាល់ ១១៨០នាក់ធ្វើកូដកម្មទាមទារឲ្យតំណាងដែលត្រូវថៅកែដកចេញឲ្យចូលធ្វើការវិញ!

ភ្នំពេញ: កម្មករកម្មការិនីរោងចក្រកាត់ដេរយីហោ អ៊ីនធើណាស្យូណាល់ ហ្វេសិន រ៉ូយ៉ាល់ ខូអិលធីឌី ចំនួន១១៨០នាក់បានប្រមូលផ្ដុំគ្នា ធ្វើកូដកម្មតវ៉ាប្រឆាំងនិងថៅកែរោងចក្រខាងលើ ដែលបានដកតំណាងពួកគេម្នាក់ចេញពីការងារ និងចោទប្រកាន់ថាបុរសនោះមានកំហុសជាច្រើន រហូតមិនអាចលើកលែងឲ្យបាន ប៉ុន្តែផ្ទុយទៅវិញក្រុមកម្មករ បានអះអាងថាវាជារឿងអយុត្តិធម៌មួយ ដែលនៅសុខៗថៅកែដកមនុស្សម្នាក់ ដែលគ្មានកំហុសនិងមូលហេតុបែបនេះ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខរោងចក្រកកាត់ដេរ យីហោ អ៊ីនធើណាស្យូណាល់ ហ្វេសិន រ៉ូយ៉ាល់ ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅក្នុងសួនឧស្សាហ៍កម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

កម្មករបានឲ្យដឹងថា ពួកគេប្រមូលផ្ដុំគ្នាធ្វើកូដកម្មនេះ គឺផ្ដើមចេញពីថៅកែរោងចក្រ ដកបុរសម្នាក់ឈ្មោះ ប៊ូ ថេត ដែលជាប្រធានសហព័ន្ធសហជីពកម្មករ និងជាតំណាងកម្មករ ព្រមទាំងជាជាងភ្លើងផង ត្រូវបានថៅកែ ដកចេញពីរោងចក្រ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នំា២០១៧ដោយបានចោទប្រកាន់ថា តំណាងរូបនោះមានកំហុសជាច្រើន។ ការចោទប្រកាន់នោះធ្វើឡើងទាំងបំពាន ពីសំណាក់ថៅកែរោងចក្រ ហើយដោយមើលឃើញពីភាពអយុត្តិធម៌បែបនេះ ទើបពួកគេដែលជាកម្មករទាំងអស់គ្នា មិនអាចនៅស្ងៀមតទៅទៀតបាន ក៏បាននាំគ្នាបះបោលធ្វើកូដកម្មតវ៉ាឡើងតែម្ដង។

ប្រភពដដែលបានបន្តថា ពួកគេតវ៉ាដើម្បីទាមទារនូវលក្ខខណ្ឌ២ចំណុច គឺទី១ ស្នើរសុំឲ្យលោកថៅកែទទួលយកឈ្មោះ ប៊ូ ថេត ដែលជាប្រធានសហព័ន្ធសហជីពកម្មករ និងជាតំណាងកម្មករ ព្រមទាំងជាជាងភ្លើង ចូលធ្វើការវិញជាបន្ទាន់ ព្រោះគាត់គឺជាមនុស្សម្នាក់ ដែលការពារផលប្រយោជន៍របស់កម្មករទាំងអស់គ្នា និងទី២ សុំឲ្យលោកថៅកែជួយកែប្រែឥរិយាបទ ជាអ្នកគ្រប់គ្រងឲ្យបានសមរម្យបន្តិចផង ហើយប្រសិនបើគ្មានដំណោះស្រាយទេ គឺពួកគាត់មិនអាចបញ្ចប់ការធ្វើកូដកម្មនេះបានឡើយ។

ទោះជាយ៉ាងណា ការធ្វើកូដកម្មនៅរសៀលថ្ងៃទី២១ ខែមិនថុនា ឆ្នាំ២០១៧ នេះ មិនឃើញខាងតំណាងក្រុមហ៊ុនខាងលើ ចុះមកជួបកម្មករដើម្បីបកស្រាយឱ្យកម្មករទទួលយកបាននៅឡើយនោះទេ ហើយក្រុមកម្មករកម្មការិនីបានបំបែកគ្នាត្រឡប់ទៅផ្ទះវិញនៅម៉ោង២និង១៥នាទីរសៀលថ្ងៃដដែល ហើយពួកគេថាថ្ងៃស្អែកនិងបន្តធ្វើកូដកម្មជាថ្មីម្តងទៀត៕

https://youtu.be/Jz7Z5bFg8OY

មតិយោបល់