ព័ត៌មានជាតិ

ជនជាប់ចោទ៤នាក់ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ម្នាក់១០ឆ្នាំ រឿងជួសគេសម្លាប់សាហាយ!

ភ្នំពេញៈ លោក អ៊ី ឋាវីរៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូង រាជធានីភ្នំពេញបានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ជនជាប់ចោទចំនួន៤នាក់ រឿងជួសគេសម្លាប់សាហាយ។

ជនជាប់ចោទទី១ឈ្មោះ សុខ គឹមលី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារកំណត់រយៈពេល ១០ឆ្នាំ ពីបទ ផ្តើមគំនិត ក្នុងអំពើឃាតកម្ម ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៥ នៅក្នុងរាជធានីភ្នំពេញ យោងតាមមាត្រា២៨និងមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ។ ទី២ឈ្មោះ ចាំង ធីវ៉េ ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម ទី៣ឈ្មោះ ឡេ យ៉ាងយ៉ុង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិវៀតណាម និងទី៤ឈ្មោះ លី រ៉ាប៊ិន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម ដាក់ពន្ធនាគារកំណត់រយៈពេល១០ឆ្នាំ ពីបទប៉ុនប៉ងក្នុងអំពើឃាតកម្ម ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៥ នៅក្នុងរាជធានីភ្នំពេញ យោងតាមមាត្រា ២៧និងមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា នៅក្នុងសវនាការកាលពីរសៀលថ្ងៃទី៦និងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ ជនជាប់ចោទឈ្មោះ សុខ គឹម លី បានបដិសេធថា ខ្លួនមិនបានជួលមនុស្សឲ្យទៅតាម បាញ់សម្លាប់ជនរងគ្រោះឈ្មោះ អៀ លីហួរ ដែលជាសង្សារទេ ហើយករណីបោកគ្រាប់បែកនោះក៏ខ្លួនមិនបានដឹងដែរ។
ជនជាប់ចោទឈ្មោះ លី រ៉ាប៊ិន បានឆ្លើយថា ខ្លួនស្គាល់ឈ្មោះ សុខ គឹមលី តាមរយៈឈ្មោះ ឡេ យ៉ាងយ៉ុង ដោយបានប្រាប់ថា ឈ្មោះ សុខ គឹមលី ត្រូវការជួលមនុស្សឲ្យទៅបាញ់សម្លាប់ ឈ្មោះ អៀ លីហួរ ជាសង្សារចោល ក្នុងតម្លៃ២ម៉ឺនដុល្លារ។ ជនជាប់ចោទបានបន្តថា ក្រោយមកឈ្មោះ សុខ គឹមលី បានឲ្យឈ្មោះ ឡេ យ៉ាងយ៉ុង យកកាំភ្លើង K៥៩ មួយដើម និងលុយចំនួន ១០០០ដុល្លារ មកឲ្យខ្លួន តែពេលនោះខ្លួនមិនបានទៅបាញ់ឈ្មោះ អៀ លីហួរទេ គ្រាន់តែយកលុយចាយតែប៉ុណ្ណោះ។

ចំណែកជនជាប់ចោទឈ្មោះ ចាំង ធីវ៉េ បានសារភាពថា ខ្លួនរស់នៅជាមួយឈ្មោះ សុខ គឹមលី និងប្តីជនជាតិសឹង្ហបុរីឈ្មោះ រ៉ូ បើត នៅក្នុងសង្កាត់បឹងកេងកង ខណ្ឌចំការមនយូរហើយគឺតាំងពីក្រោយពេលដែលខ្លួននិងប្តីមករស់នៅប្រទេសកម្ពុជាកាលពីអំឡុងឆ្នាំ១៩៩៨។ ជនជាប់ចោទបានបញ្ជាក់ថា នៅឆ្នាំ២០១៥ដោយខ្លាចបែកការឈ្មោះ សុខ គឹមលី លួចមានទំនាក់ទំនងស្នេហាជាមួយ ឈ្មោះ អៀ លីហួរ ខ្លាចប្តីដឹង ក៏ចង់ជួលគេឲ្យបាញ់ឈ្មោះ អៀ លីហួរ ចោលដោយឲ្យថ្លៃឈ្នួល២ម៉ឺនដុល្លារ និងកាំភ្លើង១ដើម។ ជនជាប់ចោទនិយាយថា ខ្លួនបានឲ្យប្តី ឈ្មោះ ឡេ យ៉ាងយ៉ុង ទៅរកឈួលគេ និងជួលបានឈ្មោះ លី រ៉ាប៊ិន តែក្រោយមកជននេះមិនបានបាញ់ទេ ហើយយកកាំភ្លើងមកឲ្យវិញ។ ជនជាប់ចោទបានបដិសេធថា រឿងបោកគ្រាប់បែក គឺខ្លួនមិនបានដឹងទេ។

ជនជាប់ចោទឈ្មោះ ឡេ យ៉ាងយ៉ុង ក៏បានសារភាពថា នៅក្នុងអំឡុងឆ្នាំ២០១៥ ប្រពន្ធខ្លួនពិតជាបានឲ្យខ្លួនទៅជួលឈ្មោះ លី រ៉ាប៊ិន ឲ្យទៅបាញ់ឈ្មោះ អៀ លីហួរ និងបានជូនឈ្មោះ លី រ៉ាប៊ិន ទៅមើលទីតាំងផ្ទះនិងមុខឈ្មោះ អៀ លីហួរ ថែមទៀតផង ប៉ុន្តែដោយសារឈ្មោះ លី រ៉ាប៊ិន ទារលុយមុនចំនួន ៥ពាន់ដុល្លារ ឈ្មោះ សុខ គឹមលី មិនឲ្យទើបឈ្មោះ លី រ៉ាប៊ិន យកកាំភ្លើង និងលុយ១០០០មកឲ្យខ្លួនវិញ។ ជនជាប់ចោទក៏បានបដិសេធថា រឿងបោកគ្រាប់បែកគឺខ្លួនមិនបានដឹងទេ។

គួររំលឹកថា សំណុំរឿងជួលគេទៅបាញ់សង្សារសម្លាប់ចោលកុំឲ្យប្តីដឹងនេះបានបែកការក្រោយពេលដែលមានហេតុការបោកគ្រាប់បែកមួយ កាលពីយប់ ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដែលបណ្តាលឲ្យមានមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល និងបណ្តាលឲ្យរថយន្ត៤គ្រឿងរួមទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅក្បែរនោះ។

ទោះជាយ៉ាងណា ករណីនេះតុលាការបើកសវនាការតែលើរឿង ជួលគេបាញ់សង្សារតែប៉ុណ្ណោះ ចំណែកករណី ជួលគេបោកគ្រាប់បែក គឺនឹងបើកសវនាការជំនុំជម្រះដាច់ដោយឡែកម្តងទៀត៕

មតិយោបល់