ព័ត៌មានជាតិ

ល្បែងជល់មាន់ កំពុងតែកក្រើកនៅទឹកដីស្រុកបាទី!

តាកែវៈ ល្បែងស៊ីសង ជល់មាន់ ដែលល្បីយូរហើយនៅទឹកដីស្រុកបាទី ខេត្តតាកែវ ដែលកំពុងជល់លេងយ៉ាងកក្រើក និងបានវង្វក់ស្មារតីរបស់ក្រុមញៀនល្បែង ធ្វើឲ្យភ្លេចបាយ ភ្លេចទឹក។ មិនតែប៉ុណ្ណោះ ធ្វើឲ្យក្រុមអ្នកញៀនល្បែងទាំងនោះលក់ឡានម៉ូតូ ដី ផ្ទះសម្បែងយកលុយមកលេងភ្នាល់គ្នារាប់ពាន់ រាប់ម៉ឺនដុល្លារ ថែមទៀតផង។

បើតាមប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពសារព័ត៌មានPost Newsថា សង្វៀនជល់មាន់ដែលល្បី និងដុះស្លែជាងគេនោះ មានទីតាំងនៅភូមិដើមស្នួល ជិតវត្តទេពបុរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ចំណែកម្ចាស់សង្វៀនជល់មាន់ដែលល្បីជាងគេនោះមានឈ្មោះ ដេត។

ប្រភពព័ត៌មានច្បាស់ការណ៍បានប្រាប់ឲ្យដឹងទៀតថា ល្បែងបញ្ជល់មាន់ដុះស្លែខាងលើនោះបើកលេងពេញ១សប្តាហ៍និងធានាជូនអតិថិជន(អ្នកញៀនល្បែង)កុំឲ្យព្រួយបារម្មណ៍ភ័យខ្លាចចាប់ចង ជាប់គុកឲ្យសោះ ហើយម្យ៉ាងទៀតទ្រព្យសម្បត្តិមានឡាន ម៉ូតូចិញ្ជៀន ខ្សែកទទួលបញ្ចាំភ្លាមៗមិនចាំបាច់មានឯកសារក៏បាន។បើម្ចាស់សង្វៀនបញ្ជល់មាន់អួតអាងពេញស្រុកប្រាប់អ្នកទៅលេងល្បែងថា កម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ មិនហ៊ានអ្នកណាហ៊ានប៉ះពាល់នោះទេ។

ពាក់ព័ន្ធនិងរឿងរ៉ាវខាងលើនោះដែរ ក្រុមការងារ Post News បានព្យាយាមទំនាក់ទំនងទៅលោក ងាន់ សារី អធិការនគរបាលស្រុកបាទី មិនលើកទូរសព្ទនោះទេ តែទោះបីជាយ៉ាងណា Post News នឹងរង់ចាំការបកស្រាយបំភ្លឺពីសំណាក់លោកអធិការនគរបាលស្រុកបាទីបន្តទៀត។

ក្នុងនោះដែរប្រជាពលរដ្ឋបានទទួចសំណូមពរដល់អាជ្ញាធរថ្នាក់ខេត្តមេត្តាជួយបង្ក្រាបកន្លែងជល់មាន់ដ៏ល្បីនេះផង ពីព្រោះតាំងពីមានទីតាំងបើកល្បែងស៊ីសងនេះមក ភូមិឃុំ កើតមានសកម្មភាពចោរកម្ម និងអសណ្តាប់ធ្នាប់សម្បើមណាស់៕

មតិយោបល់