បាត់ដំបងៈ កម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តបាត់ដំបង នៅម៉ោង១២ថ្ងៃត្រង់ ទី២១ ខែមិថុនា ឆ្នាំ២០១៧ បានធ្វើការចុះឃាត់ខ្លួនភិក្ខុសង្ឃមួយអង្គ ដែលមានព្រះនាម ហន សុផាន្នី អាយុ២៤ឆ្នាំ គង់នៅកុដិលេខ១២ ក្នុងវត្តដំរីស ទល់មុខទីបញ្ជារការកងរាជអាវុធហត្ថខេត្ត ដែលស្ថិតក្នុងសង្កាត់ស្វាយប៉ោប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ការឃាត់នាំខ្លួនភិក្ខុសង្ឃ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ៩៥៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ចេញដោយលោក គឺ ប៊ុណ្ណរ៉ា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត ។
សមត្ថកិច្ចបានដឹងថា ស្ថាប័នអយ្យការតុលាការបាត់ដំបងបានបញ្ជា ឲ្យសមត្ថកិច្ចត្រូវនាំខ្លួនសង្ឃ ទៅកាន់សាលាដំបូងខេត្ត ដើម្បីសួរនាំលើបណ្ដឹងព្រហ្មទណ្ឌពីបទ «ធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាជាតិ និងកាន់កាប់រក្សាទុកអាវុធខុសច្បាប់» ដែលបានប្រព្រឹត្តនៅក្នុងវត្តដំរី ស ក្នុងក្រុងបាត់ដំបង និងនៅក្នុងវត្តខ្នាចរមាស នៅឃុំខ្នាចរមាស ស្រុកបវេល កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ មេសា កន្លងមក ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុក បានឲ្យដឹងថា មិនទាន់អាចបំភ្លឺបានទេ ដោយលោកបញ្ជាក់ថា ខាងសមត្ថកិច្ចជំនាញសុំពេល ៣ ទៅ ៤ ម៉ោងដើម្បីធ្វើការសិន ។
ចំពោះករណីខាងលើ សមត្ថកិច្ចនឹងបញ្ជូនសង្ឃអង្គនេះបន្តទៅប្រគល់ឲ្យស្ថាប័នអយ្យការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕



មតិយោបល់