ភ្នំពេញៈ ផ្ទុះឡចំហុយឧស្ម័ននៅរោងចក្របោះពុម្ពម៉ូតខោអាវមួយកន្លែង បណ្តាលឲ្យស្លាប់សន្តិសុខ និងស្ត្រីអនាម័យទាំងអស់២នាក់ និងរបួសធ្ងន់និងស្រាល៥នាក់ទៀត ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១១និង ២០នាទី ថ្ងៃត្រង់ទី៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានកម្មករ ប្រហែលជាង២០នាក់ បាននាំគ្នាចេញទៅហូបបាយអស់ សល់តែសន្តិសុខ និងបុគ្គលិកផ្នែកអនាម័យចំនួន៦នាក់ទៀតនៅក្នុងរោងចក្រខាងលើ ខណៈនោះ ក៏ឭសំឡេងដូចផ្ទុះគ្រាប់បែក ផ្ទុះចេញពីក្នុងឡឧស្ម័នសម្រាប់ផ្ទុកខ្យល់ ហោះឡើងចម្ងាយ២០០ម៉ែត្រ ខ្ទាតបំណែកដែកចូលទៅក្នុងរោងចក្រ និងផ្ទះជួលរបស់បងប្អូនប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើល ដោយឃើញមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ដេកដួលក្នុងហេតុការណ៍ផ្ទុះឡឧស្ម័នខាងលើនេះ។
ភ្លាមៗនោះដែរ ជនរងគ្រោះខាងលើ ត្រូវបានរថយន្តសាមុយ របស់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះបន្ទាន់និងព្យាបាលផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុដោយមានការចូលរួម បើកគណៈកម្មាការចម្រុះដើម្បីស្រាវជ្រាវរកមូលហេតុដែលបង្កឲ្យផ្ទុះឡឧស្ម័នខាងលើនេះ ថាតើវាបង្ករមកពីមូលហេតុអ្វី។
ចំណែកសពជនរងគ្រោះខាងលើ ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យរួចត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់