ព័ត៌មានជាតិ

Update៖ ទាក់ដៃចង្កូតម៉ូតូទាក់ដៃចង្កូតគ្នាដួលខ្ទាតចូលក្រោមរថយន្តកុងតឺន័រផែស្ងួតអូលែ កិនស្លាប់មួយរំពេច

ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ជិះម៉ូតូម៉ាកICON មួយគ្រឿងមិនប្រយត្ន័ទៅប៉ះដៃចង្កូតម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក ស្របពេលនោះក៏មានរថយន្តកុងតឺន័រ មកដល់កិនបណ្តាលឲ្យស្លាប់ភ្លាមៗ ហើយរថយន្តបើករត់ជាង១គីឡូដីទើបអ្នកបើកបរឈប់រថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង ៧និង៤០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង មុខកុងស៊ីកាប់ជ្រូក ខាងកើតលូប្រាំ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះមានឈ្មោះ នៀ សាវាត អាយុ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានប្រពន្ធនិងកូនម្នាក់ក្នុងបន្ទុកគ្រួសារ ស្នាក់នៅផ្ទះជួលម្តុំវត្តអង្គតាមិញមានស្រុកកំណើតនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសាក្សីដែលឃើញហេតុការណ៍នេះឲ្យដឹងថា មុនដំបូងគេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាICON ពាក់មានស្លាកលេខ ភ្នំពេញ 1AA-7854 ពណ៌ខៀវលាយស ជិះតាមបណ្តោយផ្លូវវេងស្រេងពីកើតទៅលិចបើកយ៉ាងលឿនមកដល់កុងស៊ីកាប់ជ្រូក ក៏វ៉ាម៉ូតូមួយគ្រឿងហើយក៏ទាក់ដៃចង្កូតគ្នាដួល ខណៈនោះក៏មានរថយន្តកុងតឺន័រ១គ្រឿងម៉ាកហ៊ីយ៉ានដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខខាងក្រោយ ព្រះសីហនុ 4A-0852 និងស្លាកលេខខាងមុខ ព្រះសីហនុ3A-2694 ជារថយន្តរបស់ក្រុមហ៊ុនផែស្ងួត អូលែ បានកិនបុរសរងគ្រោះខាងលើបែកក្បាលធ្លាយខួរ ស្លាប់មួយរំពេច។ ភ្លាមនោះរថយន្តបានបើករត់១គីឡូដី ទើបឈប់ចុះចោលរថយន្តនៅមុខរោងចក្រកាណាឌីយ៉ា ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយកម៉ូតូនិងរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកតាមរថយន្តយកមកតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់