ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពត ​ចុះបូមទឹក​​ជួយសង្គ្រោះ​ស្រូវ ​របស់​ពលរដ្ឋ ​ដែល​ប្រឈម​​គ្រោះ​រាំងស្ងួត​

កំពតៈ គណៈអភិបាលខេត្តកំពត និងក្រុមការងារ កាលពីម្សិលមិញ បានចុះពិនិត្យស្វែងយល់ជាក់ស្ដែង នាំយកនូវម៉ាស៊ីន បូមទឹកចំនួន ២គ្រឿងជួយបូមទឹក សង្គ្រោះស្រូវ សន្ទូង និងស្រូវ ពង្រោះ របស់ប្រជាពលរដ្ឋ ដែលប្រឈមការខូចខាតទឹក ដោយសារការ រាំងស្ងួត នៅភូមិផ្សារដំបង ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។

ក្នុងឱកាសចុះពិនិត្យ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ អភិបាល នៃគណៈអភិបាល ខេត្តកំពត លោក ចាន់ ចេស្ដា បានណែនាំដល់មន្ត្រីជំនាញ ជាពិសេសមន្ទីរជំនាញធនធានទឹក និងអាជ្ញាធរ ពាក់ព័ន្ធត្រូវតែខិតខំជំរុញ យកចិត្តទុកដាក់ចុះសិក្សាស្វែងយល់ ដល់មូលដ្ឋាន ដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែងនូវរាល់ប្រភពទឹកដើម្បីធ្វើយ៉ាងណា ជួយអន្តរាគមន៍ បូមឫបញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋដែលប្រឈម និងការខូចខាត ទឹក គឺមិនត្រូវទុកឲ្យមានការខូចខាត ដោយមិនបានជួយពួកគាត់ឲ្យអស់លទ្ធភាពដែលមានឡើយ ។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោក ចាន់ វណ្ណា បានឲ្យដឹងថា ផ្ទៃដីស្រូវសន្ទូង និងស្រូវពង្រោះ របស់ប្រជាពលរដ្ឋ ដែលត្រូវបូមទឹក ជួយសង្គ្រោះនាពេលនេះ គឺមានចំនួនប្រមាណជិត ៤០០ហិចតា ហើយស្រូវទាំងនេះ ក៏ពុំទាន់មានលក្ខណៈខូចខាតធ្ងន់ធ្ងរនៅឡើយទេ តែបើភាពរាំងស្ងួតនៅអូស បន្លាយហើយការជួយសង្គ្រោះ មិនបានទាន់ពេលវេលា អាចឈានដល់ការខូចខាតផងដែរ ។

យោងតាមរបាយការណ៍ តួលេខលើការងារបង្កបង្កើនផលស្រូវ រដូវវស្សាឆ្នាំ២០១៦នេះ របស់មន្ទីរកសិកម្ម ខេត្ត គិតត្រឹមថ្ងៃទី៥ ខែកញ្ញានេះ បានឲ្យដឹងថា មានសន្ទុះលឿនជាងឆ្នាំ២០១៥ កន្លងទៅ ពោលគឺ ផ្ទៃដីសម្រាប់ដំណាំស្រូវទូទាំងខេត្ត មានចំនួនសរុប ១២៦.០០០ហិចតា ហើយបច្ចុប្បន្ន ការងារស្ទូង និងព្រោះសម្រេចហើយបានលទ្ធផលជាង ១១ម៉ឺនហិចតា ស្មើជាង៩០ភាគរយ បើប្រៀបធៀបឆ្នាំ២០១៥កន្លងទៅ បានត្រឹមតែជាង៧២ភាគរយប៉ុណ្ណោះ ៕

ការចុះបូមទឹកជួយសង្រោះស្រូវ ការចុះបូមទឹកជួយសង្រោះស្រូវ1ការចុះបូមទឹកជួយសង្រោះស្រូវការចុះបូមទឹកជួយសង្រោះស្រូវ1

មតិយោបល់