ភ្នំពេញៈ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Yang Yongsheng លេខារបស់គណៈកម្មការបក្សកុម្ម៉ុយនីសចិន CPC និងជាអនុប្រធានសាជីវកម្មស្ពានថ្នល់ចិន CRBC។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីគម្រោងនានាកំពុងបន្ត ដែល CRBC កំពុងសាងសង់ និងកំពុងរៀបចំផែនការ ដើម្បីសាងសង់នៅកម្ពុជា។ លោក Yang Yongsheng បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងដំណើរការវិនិយោគ លើការសាងសង់ និងគ្រប់គ្រង ប្រតិបត្តិការ នៃផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅខេត្តព្រះសីហនុ។
លើសពីនេះទៅទៀត លោក Yang Yongsheng ក៏បានសម្តែងនូវការតាំងចិត្តយ៉ាងមុតមាំ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។
លោកទេសរដ្ឋមន្រ្តី បានអបអរសាទរចំពោះលោក Yang Yongsheng ដែលទើបតែបានទទួលការតែងតាំង ជាអនុប្រធាន នៃសាជីវកម្មស្ពានថ្នល់ CRBC និងបានសម្តែងការកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តការដ៏ល្អ រវាង CRBC និងក្រសួងសាធារណការ និងដឹកជញ្ជូន៕
មតិយោបល់