ភ្នំពេញ: របាយការណ៍មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងនៅពេលថ្មីៗនេះថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៦នេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកសម្រាកកម្សាន្តក្នុងរាជធានីភ្នំពេញ កើនឡើងប្រមាណ១១,៤១ភាគរយ បើប្រៀបធៀប និងរយៈពេលដូចគ្នានៅឆ្នាំ២០១៥ ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីទេសចរណ៍រាជធានីភ្នំពេញបានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរណ៍អន្តរជាតិ ដែលបានចូលមករាជធានីភ្នំពេញ គឺមានភ្ញៀវទេសចរណ៍អន្តរជាតិ ចូលតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៦នេះ មានប្រមាណជា៣៧២.៤៦០នាក់ និងមាន១៧០សញ្ជាតិ។
លោកប្រធានមន្ទីបានបន្តថា ភ្ញៀវអន្តរជាតិទាំងនោះមានគោលបំណងសំខាន់ៗខុសៗគ្នា ដូចជា ភ្ញៀវមកសម្រាកលំហែលកម្សាន្ត មានចំនួនប្រមាណ២៩១.៥៩៤នាក់ ទេសចរណ៍ធុរកិច្ចមានចំនួន ៥៣.៦៣២នាក់ គណប្រតិភូ និងអង្គការអន្តរជាតិចំនួន ៩.៧២៣នាក់ និងអនិកជនខ្មែរចំនួន១៧.៥១១នាក់ ។
លោក សុចិត្តគ្រឹស្នា បានឲ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវទេសចរណ៍អន្តរជាតិ ដែលចូលមករាជធានីភ្នំពេញ ក៏បានបែងចែកភ្ញៀវដែលចូលទស្សនារមណីយដ្ឋានវត្តភ្នំមានចំនួន ៤៩.៥៧៧នាក់ ច្រើនជាងត្រីមាសទី១ ឆ្នាំ២០១៥ ប្រមាណ១៤,៦៣ភាគរយ។ ភ្ញៀវអន្តរជាតិចូលទស្សនាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មជើងឯក មានចំនួន៥៦.៩៦៨នាក់។ ភ្ញៀវទេសចរណ៍ជាតិចូលទស្សនារមណីយដ្ឋាននានា ក្នុងរាជធានីភ្នំពេញមានចំនួន ៥៧.១៨១នាក់ កើនឡើង០៥.៨០ភាគរយបើប្រៀបធៀបរយះពេលដូចគ្នាឆ្នាំ២០១៥។
ប្រធានមន្ទីររូបនេះបានអះអាងថា រយៈពេល៣ខែ ដើម២០១៦នេះ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានធ្វើកិច្ចការជាច្រើនបំរើឲ្យវិស័យទេសចរណ៍ក្នុងនោះរួមមាន៖ ចុះពិនិត្យមូលដ្ឋានអាជីវកម្ម មុននឹងចេញអាជ្ញាប័ណ្ណ និងចុះត្រួតពិនិត្យអាជ្ញាប័ណ្ណជិតផុតសុពលភាព រួមទាំងផ្តល់អាជ្ញាប័ណ្ណដល់អាជីវកម្មទេសចរណ៍ បញ្ជូនមន្ត្រីចុះត្រួតពិនិត្យមគ្គុទេសចរណ៍ នៅតាមរមណីយដ្ឋាននានា និងណែនាំពួកគេឲ្យសុំអាជ្ញាប័ណ្ណត្រឹមត្រូវ មុនប្រកបអាជីវកម្ម ។ ទន្ទឹមនោះក៏បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីបើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយច្បាប់ស្តីពីទេសចរណ៍ និងចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ។
យ៉ាងណាក៏ដោយប្រធានមន្ទីរទេសចរណ៍រូបនេះ បានអះអាងទៀតថា វិស័យទេសចរណ៍នៅរាជធានីភ្នំពេញ ក៏នៅមានបញ្ហាប្រឈមមួយចំនួនដូចជា មូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួនមិនគោរពច្បាប់ ធ្វើអាជីវកម្មដោយពុំមានអាជ្ញាប័ណ្ណ រួមទាំងសកម្មភាពល្មើសច្បាប់ ការជួញដូរផ្លូវភេទ ការបំពុលបរិស្ថាន សណ្តាប់ធ្នាប់ និងការគ្រប់គ្រងសុវត្ថិភាពប្រព័ន្ធអគ្គិភ័យ នៅតាមមណ្ឌលកំសាន្តទេសចរណ៍ នៅមានកម្រិតនៅឡើយ៕





មតិយោបល់