ព័ត៌មានជាតិ

តាក់ស៊ីម៉ែត្របុកនារីម្នាក់ហោះផ្លោងចូលរទេះលក់ម្ជូរមុខណាហ្គ៉ាវើល រងរបួសធ្ងន់!

ភ្នំពេញ: នារីម្នាក់ត្រូវរថយន្តតាក់ស៊ីម៉ែត្របើកទៅបុកចំពេញទំហឹង បណ្តាលឲ្យហោះចេញពីម៉ូតូ ផ្លោងទៅបុករទេះលក់ម្ចូរ នៅលើចិញ្ចើមផ្លូវទល់មុខណាហ្គ៉ាវើល រងរបួសធ្ងន់ធ្ងរ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៣និង២០នាទីយប់រំលងអធ្រាតឈានចូលថ្ងែទី២៣ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយមហាវិថីព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារីម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ខ្មៅលាយក្រហម ដែលពាក់ស្លាកលេខភ្នំពេញ1GB- 0030 ធ្វើដំណើរតែម្នាក់ឯង តាមបណ្តោយមហាវិថីព្រះសុរាម្រឹត ក្នុងទិសដៅពីលិចទៅកើត ជិះម៉ូតូបញ្រ្ចាស់ផ្លូវ ក្នុងល្បឿនលឿន ខណ:ពេលមកដល់កន្លែងកើតហេតុ ផ្លូវបែកជាបី ក៏មានរថយន្តតាក់ស៊ីម៉ែត្រមួយគ្រឿង មិនចាំស្លាកលេខ ធ្វើដំណើរចេញពីផ្លូវកណ្តាលសួនច្បារមុខណាហ្គ៉ាវើល ទិសដៅពីត្បូងទៅជើង ក្នុងល្បឿងយ៉ាងលឿន ដោយនារីរងគ្រោះខាងលើ ជិះម៉ូតូមិនបានប្រុងប្រយ័ត្ន ក៏បុកគ្នាជាមួយរថយន្តតាក់ស៊ីម៉ែត្រខាងលើ ចំពេញទំហឹង បណ្តាលឲ្យនារីរងគ្រោះ ហោះចេញពីម៉ូតូ ផ្លោងទៅបុករទេះលក់ម្ជូរនៅលើចិញ្ចើមផ្លូវខាងលើ បានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅមន្ទីពេទ្យភ្លាមៗតែម្តង ចំណែករថយន្តតាក់ស៊ីម៉ែត្រខាងលើ បានបើកចេញពីកន្លែងកើតហេតុដោយមិនបាននៅដោះស្រាយ។

ហេតុការណ៍នេះដែរ បានបង្កឲ្យស្រ្តីម្នាក់ទៀត ដែលជាអ្នកលក់ម្ជូរនៅចិញ្ចើមផ្លូវខាងលើ រងរបួសបែកក្បាលហូរឈាម ដោយគ្មានលុយទៅសំរាកនៅឯមន្ទីរពេទ្យត្រវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ធ្វើការជួយសង្គ្រោះបឋម និងបានទាក់ទងទៅសមត្ថកិច្ចចុះមកកន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍ផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែងយកម៉ូតូនិងរទេះលក់ម្ជូរយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់