តាកែវៈ ទំនិញជាច្រើនប្រភេទត្រូវបានឆ្លងកាត់ទឹកដីខេត្តតាកែវ តាមច្រករបៀងនានា និងច្រកទ្វាអន្តរជាតិភ្នំដិន យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីធ្វើចរាចរណ៍ក្នុងប្រទេសកម្ពុជា។ លំហូរចូលនូវទំនិញ យ៉ាងច្រើនជារៀងរាល់ថ្ងៃនេះហើយ កើតជាក្តីកង្វល់របស់ប្រជាពលរដ្ឋទូទៅ ពិសេសបន្លែផ្លែឈើ ដែលពួកគាត់ទទួលទានរាល់ថ្ងៃ ថា តើវាអាចប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ដែរឬអត់?
ដើម្បីជាការឆ្លើយតបចំពោះក្តីកង្វល់មន្ទិលសង្ស័យអំពីគុណភាពទំនិញ បន្លែ ផ្លែឈើដែលចូលមកចរាចរណ៍ ក្នុងប្រទេសកម្ពុជា មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ បានបន្តសកម្មភាពរបស់ខ្លួន ត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលនាំចូលពីប្រទេសវៀតណាម តាមចក្រទ្វាអន្តរជាតិភ្នំដិន ស្រុកគិរីវង់ ហើយបានធ្វើតេស្ដបឋមទៅលើទំនិញទាំងនេះពិសេស បន្លែផ្លែឈើ ដើម្បីស្វែងរកនូវសារធាតុគីមី ដែលនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានមានប្រសាសន៍ថា មន្ត្រីជំនាញរបស់លោកបានត្រួតពិនិត្យ និងធ្វើតេស្តបឋមស្រាវជ្រាវរកសារធាតុគីមីទៅលើបន្លែ ផ្លែឈើ ដែលឈ្មួញនាំចូលមកនោះ ពុំឃើញមាននូវសារធាតុគីមី ដែលច្បាប់ ត្រូវហាមឃាត់នោះទេ ហើយបើសិនជារកឃើញសារធាតុគីមីលើបន្លែ ផ្លែឈើទាំងនោះ គឺនឹងត្រូវធ្វើការឃាត់ទុក និងមិនអនុញ្ញាតឲ្យចរាចរណ៍នៅលើទីផ្សារប្រទេសកម្ពុជា ជាដាច់ខាត។
លោក បានបន្ថែមទៀតថា លោកតែងតែដាក់បទបញ្ជាទៅដល់មន្ត្រីក្រោមឱវាទ ដែលឈរជើងតាមច្រកនីមួយៗ គឺត្រូវតែពិនិត្យទំនិញដែលនាំចូល មុននឹងដាក់ឲ្យចរាចរណ៍លើទីផ្សារក្នុងស្រុក ដើម្បីចូលរួមថែរក្សា និងលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋទូទៅ។
ចំពោះមតិប្រជាពលរដ្ឋទូទៅវិញបានលើកឡើងថា វាជាការល្អណាស់ដែលមន្ត្រីជំនាញចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទ ដើម្បីឲ្យដឹងគុណភាព និងផលប៉ះពាល់សម្រាប់សុខភាពពួកគាត់ តែមន្ត្រីជំនាញកាំកុងត្រូលទាំងនោះ ហាក់ដូចជាទើបនិងភ្ញាក់ពីដេក ចំពោះការអនុវត្តន៍ភារកិច្ចរបស់ខ្លួន៕
មតិយោបល់