ព័ត៌មានជាតិ

ភ្លេចខ្លួនមួយភ្លែត អស់លុយ១៤ម៉ឺនបាត

បាត់ដំបងៈ លុយដ៏ច្រើនសន្ធឹកសន្ធាប់ ត្រូវបានក្រុមចោរមានគ្នាប្រមាណពី៥ទៅ៦នាក់ បន្លំយកទៅបាត់ តែមួយប៉ប្រិចភ្នែក ខណៈម្ចាស់ផ្ទះភ្លេចខ្លួនភ្លែតសោះ។

មន្រ្តីកងរាជអាវុធហត្ថស្រុកបានដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង២០នាទីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ស្ថិតក្នុងភូមិគគី ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

មន្រ្តីកងរាជអាវុធហត្ថស្រុកបានបន្តថា ទីតាំងបើកលក់សាំង និងបើកវីងវេរលុយខាងលើ ជាកម្មសិទ្ធិរបស់ឈ្មោះ ពេជ្រ វណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ និងប្រពន្ធឈ្មោះ សូ ស្រីទាវ អាយុ២៥ឆ្នាំ ។

បើតាមការអះអាងពីស្ត្រីម្នាក់ឈ្មោះ អ៊ូ ធី អាយុ៦១ឆ្នាំ ត្រូវជាម្តាយបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គឺកូនរបស់គាត់ទាំង២នាក់ បានចេញទៅមន្ទីរពេទ្យ ដោយទុកផ្ទះឲ្យគាត់មើល និងជួយលក់មួយភ្លែត។

ស្ត្រីជាម្តាយបានបន្តថា នៅម៉ោងកើតហេតុ ស្រាប់តែមានមនុស្សមួយក្រុមមានគ្នាប្រមាណ ៥ទៅ៦នាក់ បានចូលមកចាក់សាំងផង និងអ្នកខ្លះទៀតបានធ្វើជាចូលទៅផ្ញើលុយតាមវីងផង ធ្វើឲ្យគាត់មានការរវល់ និងភ្លេចខ្លួនមួយភ្លែត ត្រូវក្រុមជនសង្ស័យទាំងនោះ បន្លំចូលទៅលួចយកកាបូបលុយ រួចនាំគ្នាចាកចេញទៅបាត់អស់តែម្តង។

ក្រោយពីទំនេរដៃ ទើបដឹងថា កាបូបលុយបាត់ដែលមានទឹកប្រាក់ចំនួន១៤ម៉ឺនបាត ត្រូវក្រុមជនជនសង្ស័យលួចយកទៅបាត់ ហើយមានការភ្ញាក់ផ្អើល និងរាយការណ៍ប្តឹងសមត្ថកិច្ចតែម្ដង។

ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែវាហួសពេលទៅហើយ ព្រោះក្រុមជនសង្ស័យបានគេចខ្លួនបាត់អស់ ម៉្យាងវិញទៀតស្ត្រីជាម្ដាយមិនចាំអំពីអត្តសញ្ញាណជនសង្ស័យផង ធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងកាស្រាវជ្រាវ៕

photo_2016-10-24_13-35-29photo_2016-10-24_13-35-28

មតិយោបល់