ព័ត៌មានជាតិ

មន្ត្រីព្រឹទ្ធសភាត្រូវតែធ្វើជាគំរូល្អ ក្នុងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា លោក ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភាបានរំលឹកដល់មន្ត្រីរបស់ខ្លួនថា ក្នុងនាមស្ថាប័នច្បាប់ មន្ត្រីព្រឹទ្ធសភាត្រូវតែធ្វើជាគំរូល្អសម្រាប់ស្ថាប័នដទៃទៀតក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ការរំលឹកនេះធ្វើឡើងក្នុងឱកាស ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិក និងអ្នកបើកបររថយន្តថ្នាក់ដឹកនាំចំណុះឱ្យព្រឹទ្ធសភា នាថ្ងៃទី២៣ ខែឧសភាឆ្នាំ២០១៦ នៅវិមានព្រឹទ្ធសភាចំការមន។

លោកអគ្គលេខាធិការរងព្រឹទ្ធសភា បានសំណូមពរឱ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់ឱ្យបានខ្ពស់ផ្លាស់ប្តូរឥរិយាបថ ផ្លាស់ប្តូររបៀបរបបធ្វើការងារ ធ្វើយ៉ាងណាឱ្យក្លាយទៅជាអ្នកចូលរួមជួយដល់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងនាមយើងជាមន្ត្រីក្នុងស្ថាប័នច្បាប់ត្រូវតែធ្វើជាគំរូល្អដល់ស្ថាប័នផ្សេងៗ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

លោកបានបញ្ជាក់ថា កន្លងមកមន្ត្រីព្រឹទ្ធសភារបស់យើងឧស្សាហ៍ចុះទៅបំពេញការងារនៅតាមមូលដ្ឋាន ដែលថ្ងៃនេះជាឱកាសល្អសម្រាប់លើកកម្ពស់ការយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកដ៏សំខាន់នាំយកចំណេះដឹងនេះ ទៅផ្សព្វផ្សាយបន្តដល់ពលរដ្ឋនៅមូលដ្ឋានបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ដែលតែងកើតមានលើដងផ្លូវជារៀងរាល់ថ្ងៃឱ្យនៅតិចបំផុត។ កាលពីមុនបើមានករណីរថយន្តបុកជាមួយម៉ូតូ ភាគីឡានត្រូវតែបង់សំណងទៅភាគីម៉ូតូ តែឥឡូវនេះគេមិនគិតដូចនោះទៀតទេ គឺគេយកច្បាប់ចរាចរណ៍ផ្លូវគោកមកអនុវត្ត ទៅតាមភាពជាក់ស្តែង ដើម្បីឱ្យច្បាប់នេះមានប្រសិទ្ធភាពខ្ពស់ ដែលនេះមន្ត្រីព្រឹទ្ធសភាធ្វើដំណើរតាមម៉ូតូត្រូវប្រុងប្រយ័ត្ន ដើម្បីកុំឱ្យមានផលវិបាកដល់ខ្លួនឯង ដល់គ្រួសារ គោរពច្បាប់ចរាចរណ៍ គឺដើម្បីខ្លួនយើង គ្រួសារយើង ប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើន។

លោកវរសេនីយ៍ឯក ចេវ ហាក់ មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានបញ្ជាក់ថា បើទោះបីការប្រឹងប្រែងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះបានល្អប្រសើរជាងមុនមួយកម្រិតក្តី តែបញ្ហាប្រឈមនៅមានច្រើននៅឡើយ ដែលទាមទារឱ្យទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានទាំងអស់គ្នា ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ និងការគ្រោះថ្នាក់ចរាចរណ៍។

លោកបន្ថែមថា ទោះជាយ៉ាងណាក៏ដោយសព្វថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំពុងប្រឹងប្រែងយកចិត្តទុកដាក់ណាស់ ដើម្បីរកដំណោះស្រាយបញ្ហាកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ននេះ។ ខណៈការប្រឹងប្រែងនេះអាចសម្រេចបាន លុះណាតែមានការចូលរួមចំណែកពីបងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកប្រើប្រាស់ផ្លូវតែម្តងត្រូវមានការយោគយល់គ្នាកុំបើកបរប្រជែង កុំបើកបរបញ្ជ្រាសទិស ដែលជាហេតុធ្វើឱ្យមានបញ្ហាការកកស្ទះចរាចរណ៍ និងនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍៕

photo_2016-05-23_16-17-16 photo_2016-05-23_16-17-15

មតិយោបល់