កណ្ដាលៈ រថយន្តមួយគ្រឿងទៀតហើយ បានបើកធ្លាក់ទូកដរ ចូលទៅក្នុងទន្លេ ប៉ុន្តែមិនបង្កឲ្យមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវតឡើយ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចកំពង់ចម្លងវត្តក្បាលកោះ ស្ថិតក្នុងភូមិព្រែកយាយមី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។
លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង ប្រាប់ Post News ឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាក ទីតាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2Q-0565 បើកបរដោយឈ្មោះ ខុម ឃន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្តដឹកតន្ត្រីសម័យចិត្តស្រីមុំ បានបើករថយន្តចុះទូកដរ(ត្រើយខាងកើត) បណ្ដាលឲ្យធ្លាក់ទឹកតែម្ដង។
លោកអធិការបញ្ជាក់ថា ករណីខាងលើនេះ មកពីហ្វ្រាំងរថយន្តមិនស៊ី ក៏ជ្រុលកិនលើកំណល់ បណ្ដាលឲ្យផ្អៀងទូកចូលទឹកលិចទៅក្នុងទឹកទន្លេបាសាក់ ទាំងទូកដរ ទាំងរថយន្តតែម្ដង ប៉ុន្តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ តែបណ្ដាលឲ្យខូចខាតឧបករណ៍ភ្លេងដូចជា ធុងបាស់ចំនួន៦ធុង ធំ២ អាំភ្លី១ឈុត និងរថយន្ត១គ្រឿង។
ក្រោយកើតហេតុ តៃកុងរថយន្តបានជួលរថយន្តស្ទួចយករថយន្ត ដោយមានការសហការជាមួយម្ចាស់ទូកដរ យកទៅជួសជុលវិញភ្លាមៗ។
ហេតុការណ៍បើករថយន្តធ្លាក់ទូកដរ កន្លងមកកើតឡើងនៅខេត្តកណ្ដាល បានបណ្ដាលឲ្យមនុស្សក្មេងចាស់ប្រុសស្រីស្លាប់៦នាក់ នៅស្អាងដូចគ្នា។ នេះចាត់ទុកជាការជូនដំណឹងចំពោះបងប្អូនមានរថយន្ត សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅពេលបើករថយន្តឆ្លងដរម្ដងៗ៕
មតិយោបល់