បន្ទាយមានជ័យៈ ចឹងបានថា លួចគេបានវាគ្រាន់តែបើគេទាន់វាក្រែល! បុរសម្នាក់ក្នុងចំណោមបក្សពួកច្រើននាក់ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបន្ទាប់ពីសង្ស័យថាបានធ្វើសកម្មភាពលួចយកស្រាបៀរក្នុងបរិវេណផ្សារហ៊ុយឡេង។
ការឃាត់ខ្លួនធ្វើឡើងនៅព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនសង្ស័យក្នុងភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ចាន់រ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅកើតហេតុខាងលើ។
នៅចំពោះមុខអាវុធហត្ថជនសង្ស័យបានសារភាពថា ខ្លួនបានជិះម៉ូតូចេញពីផ្ទះនៅម៉ោងប្រមាណជាង១រំលងអាធ្រាត្រយប់ ឈានចូលថ្ងៃទី២៤ ខែមិថុនា ចូលទៅក្នុងបរិវេណផ្សារហ៊ុយឡេង។ ដោយឃើញសភាពអំណោយផលដែលគំនរស្រាបៀរនិងភេសជ្ជៈត្រូវម្ចាស់គ្របចោល និងក្រណាត់ខ្មៅមិនមានអ្នកណាយាម ក៏សម្រេចចិត្តលើកនឹងដឹកតាមម៉ូតូយកទៅទុកក្នុងផ្ទះ លុះព្រឹកឡើងក៏បបួលគូកនផឹកស៊ីអស់៤កេះនៅសល់ប៉ុន្មានដឹកទៅលក់ដោះដូរជាលុយ។
លោកមេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រុកបានឲ្យដឹងថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានប្រមូលដកហូតមកវិញនូវស្រាបៀរចំនួន៦កេះនិងខារ៉ាបាវចំនួន៤កេះប្រគល់អោយម្ចាស់ដើមគេវិញ។
សូមបញ្ជាក់ថា ស្រាបៀរដែលជនសង្ស័យលួចយកទៅមានចំនួន១០កេះនិងទឹកភេសជ្ជៈខារ៉ាបាវ៤កេះ។
ជុំវិញការចាប់ខ្លួនមុខសញ្ញាលួចនេះដែរ ប្រជាពលរដ្ឋនៅក្នុងបរិវេណទីប្រជុំជនស្រុកភ្នំស្រុកបានធ្វើការរិះគន់ថា កម្លាំងអាវុធហត្ថស្រុកឃាត់បានបក្សពួកជនសង្ស័យច្រើននាក់រឿងអីមានអ្នកត្រូវដោះលែងនិងមានអ្នកត្រូវបញ្ជូនទៅតុលាការ?….៕

មតិយោបល់