ភ្នំពេញៈ បើទោះបីជាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាស់តឿនសមត្ថកិច្ចទូទាំងប្រទេស ឲ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ស្របទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាលទាំង៩ចំណុច ប៉ុន្តែ! មិនឃើញអាជ្ញាធរគោរព និងអនុវត្តតាមបទបញ្ជារបស់សម្តេចក្រទ្បាហោម ស ខេង ទ្បើយ ។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ (ម្តុំអូឬស្សី) បានឲ្យដឹងថា៖
សកម្មភាពលេងល្បែងទឹកភ្លៀង ចាប់ផ្តើមលេងហើយ ពីខែឧសភា ដល់ខែតុលា គឺជាខែពេញនិយម សម្រាប់អ្នកលេងល្បែងទឹកភ្លៀង។ ជាទូទៅឲ្យតែមេឃស្រទុំ ឬមេឃឡើងខ្មៅម្ដងៗ ក្រុមអ្នកមានៗ ឬអ្នកលេងល្បែងទឹកភ្លៀងបានប្រមូលផ្ដុំគ្នាដើម្បីចាក់ ឬ ភ្នាល់ទឹកភ្លៀង អ្នកខ្លះចាក់ទឹកភ្លៀងតាមវិទ្យុទាក់ទង អ្នកខ្លះចាក់តាមទូរស័ព្ទ។ ការចាក់លេងល្បែងទឹកភ្លៀងនេះ គឺមានការភ្នាល់គ្នារហូតរាប់រយ រាប់ពាន់ និងរាប់ម៉ឺនរាប់សែនដុល្លារឯណោះ។
ប្រជាពលរដ្ឋបានលើកឡើងថា ល្បែងទឹកភ្លៀងដែលកំពុងលុកលុយខ្លាំងជាងគេ នៅចំកណ្តាលទីក្រុងភ្នំពេញនេះ គ្មានឃើញអាជ្ញាធរមានសមត្ថកិច្ចណាចុះបង្ក្រាបទ្បើយ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មេល្បែងទឹកភ្លៀងធំជាងគេ នៅកណ្តាលរាជធានីភ្នំពេញនេះ ជាអនិកជនមកពីអាមេរិកឈ្មោះ តាសួរ ឲ្យតែជិតដល់រដូវភ្នាល់ល្បែងទឹកភ្លៀងម្តងៗ អនិកជនរូបនេះ ទ្បើងយន្តហោះមកកម្ពុជា ដើម្បីបើកល្បែងស៊ីសងនេះ។
ដោយឡែកពាក់ព័ន្ធនិងករណីនេះ Post News Media មិនអាចសុំការទំនាក់ទំនងអនិកជនមកពីអាមេរិក ឈ្មោះ តាសួរ នោះបានទេ ព្រោះគ្មានលេខទូរស័ព្ទ ៕
មតិយោបល់