ព័ត៌មានជាតិ

ប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកក្នុងប្រឡាយ បង្កការភ្ញាក់ផ្អើល!

បន្ទាយមានជ័យ: លោកមេប៉ុសិ៍ឫស្សីក្រោកបានប្រាប់Post Newsថា មានករណីប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកស្លាប់ក្នុងប្រឡាយ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចប្រឡាយទឹកវាលស្រែ ក្នុងភូមិសំរោង ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នៅ ណាក់ ហៅ ស្អក ភេតប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុប៉ុន្មានថ្ងៃជនរងគ្រោះបានមកសម្រាកព្យាបាល វះកាត់ពោះវៀនដុះខ្នែង នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន មង្គលបុរី ហើយបានបាត់ខ្លួនចេញពីមន្ទីរពេទ្យកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។ រហូតដលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ មានពលរដ្ឋបានប្រទះឃើញជនរងគ្រោះហែលទឹកនៅវាលស្រែ ភូមិព្រែករពៅ ដោយមានសភាពវង្វេងខុសប្រក្រតី លុះដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ក៏ប្រទះឃើញសពអណ្ដែតទឹកនៅទីតាំងកើតហេតុខាងលើ។

ក្រោយពេលធ្វើការពិនិត្យឃើញថា នៅលើដងខ្លួនសពគ្មានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ សាកសពពិតជាស្លាប់ដោយសារលង់ទឹកមែន។

ក្រោយពេលពិនត្យរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់