ភ្នំពេញៈ អ្នកសុំទាន ស្រ្តីចំណាស់៤នាក់ ក្មេងៗ៨នាក់ នៅសួនច្បារផ្សារដើមគ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលដឹកនាំដោយ លោក វរសេនីយ៍ត្រី ផាត់ ផល្លា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះធ្វើការបង្ក្រាបជាក់ស្ដែង យកមកសួរនាំ។
ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចសួនច្បារផ្សារដើមគ ចំណុចស្តុបផ្សារដើមគ តាមបណ្ដោយមហាវិថីម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ស្រ្តីចំណាស់ទាំង៤នាក់ ទី១ ឈ្មោះ សម ម៉ៅ អាយុ៣៤ឆ្នាំ ស្នាក់នៅផ្សារនាគមាស មុខរបរមិនពិតប្រាកដ,ទី២ ឈ្មោះ ម៉ៅ អ៊ុក អាយុ៤៦ឆ្នាំ ស្នាក់នៅ ផ្សារដើមគរ មុខរបរ មិនពិតប្រាកដ,ទី៣ ឈ្មោះ តីស្រីអូន អាយុ២៣ឆ្នាំ ស្នាក់នៅផ្សារដើមគរ មុខរបរ មិនពិតប្រាកដ,ទី៤ ឈ្មោះ សម គុណ អាយុ៤៣ឆ្នាំ ស្នាក់នៅផ្សារដើមគរ មុខរបរ មិនពិតប្រាកដ សូមបញ្ជាក់ស្រ្តីទាំង៤នាក់ខាងលើនេះជាអ្នកស្គាល់គ្នានិងមានផ្ទះជិតគ្នា មានស្រុកកំណើត ភូមិស្អាងស្រែ ឃុំស្អាង ស្រុកឃុកអណ្តែត ខេត្តកណ្ដាល។
យោងតាមសម្ដីរបស់កុមារី ខេ ម៉ា អាយុ៧ឆ្នាំ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ រូបខ្លួននិងប្អូនតូច ត្រូវបានម្ដាយនាំមក ដើរសុំទាននៅចំណុចសួនច្បារផ្សារដើមគ មិនបានចូលរៀនទេ ដើរសុំ១ថ្ងៃបាន៣ទៅ៤ម៉ឺន គ្រាន់ទុកទិញទឹកដោះគោឲ្យប្អូននិងឲ្យម្ដាយទិញម្ហូបអាហារជារៀងរាល់ថ្ងៃ។
បន្ថែមទៀតនោះយោងតាម សម្ដីរបស់ស្រ្តីចំណាស់ ឈ្មោះ សម គុណ អាយុ៤៣ឆ្នាំ បានឲ្យដឹងថា ខ្លួនគាត់មានជម្ងឺធ្វើការមិនកើតទេ ដូច្នេះបាននាំកូនមកដើរលក់ផ្កានិងសុំទាន នៅចំណុចសួនច្បារផ្សារដើមគនេះជាក់ស្ដែងតែម្ដង។
មន្រី្តនគរបាលនៃការិយាល័យប្រឆាំងការជួញដូមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ក្រោយពីធ្វើការសួរនាំស្រ្តីចំណាស់ទាំង៤នាក់ ត្រូវបញ្ជូនទៅសង្គមកិច្ចដើម្បីធើ្វការអប់រំ និងក្មេងៗ ទាំង៨នាក់ត្រូវបញ្ជូនទៅអង្គការមេត្រីភាពអន្តរជាតិ៕
មតិយោបល់