ភ្នំពេញៈ កាលពីវេលាម៉ោង ២ទៀបភ្លឺឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ មានករណីរថយន្តលុចស៊ីសបុករថយន្តកុងតឺន័រ ចតស្ងៀមលើចិញ្ចើមផ្លូវ នៅចំណុចមុខក្រុមហ៊ុន IZUZU តាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-4551 ចតស្ងៀមលើចិញ្ចើមផ្លូវក្នុងទិសដៅកើតលិច ខណៈនោះក៏មានបុរសម្នាក់បើករថយន្ត lexus CT200H ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BE-3016 ធ្វើដំណើរក្នុងល្បឿនទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្ត lexus រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែករថយន្តកុងតឺន័ររងការខូចខាតនៅខាងក្រោយបន្តិចបន្តួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នា ដោយខាងម្ចាស់រថយន្ត lexus បានស្គាល់ជាមួយខាងរថយន្តកុងតឺន័រ ហើយប្រាប់ថា រង់ចាំថ្ងៃស្អែកសុំធ្វើការសម្របសម្រួលគ្នា រួចបានហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕
មតិយោបល់