កណ្តាលៈ នៅថ្ងៃអាទិត្យ ០៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែសាហា ឆ្នាំ២០២០ វេលាម៉ោង១២និង៧នាទី មានករណីរថយន្តជាប់លេខ ពេលម្ចាស់ឡើងបញ្ឆេះ បណ្តាលឲ្យជ្រុលទៅបុកមនុស្ស២នាក់ រងរបួសធ្ងន់ ស្ថិតនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A2732 បើកបរដោយឈ្មោះ រតនា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិពង្រ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបើករថយន្តមកធ្វើម៉ាស៊ីនត្រជាក់ នៅយានដ្ឋានជួសជុលរថយន្ត សុង លីវ៉ា ពេលបើកមកដល់ជាងក៏ឡើងបញ្ឆេះ ដើម្បីមើលភ្លើងក្នុងកាប៊ីន រួចក៏ចុះមកវិញ ។ ជាងនិងអ្នកបើកបរក៏បានលើកកាប៊ីនឡើង ម៉ាស៊ីនបានរលត់ ។ ពេលនោះជាងបានចូលក្រោមរថយន្ត រួចនិយាយថា ម៉ាស៊ីនអត់ឆេះ មើលមិនដឹងទេ អ្នកបើកបរក៏ឡើងលើរថយន្តបញ្ឆេះ រថយន្តជាប់លេខបានបុកមនុស្ស០២នាក់ ដែលអង្គុយក្នុងយានដ្ឋាន បណ្ដាលឲ្យរបួសធ្ងន់។
ជនរងគ្រោះទី១-ឈ្មោះ ណយ ស្រីនាត ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រែកលីវ ឃុំរការអា ស្រុកកងមាស ខេត្តកំពង់ចាម ,ទី២-ឈ្មោះ សៀន សុផាន់ដាណេ ភេទស្រី អាយុ០៤ឆ្នាំ មានទីលំនៅជាមួយគ្នា ។ ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ។
បន្ទាប់ពីកើតហេតុរួច កម្លាំងជំនាញបានចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យ និងយករថយន្តទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល រង់ចាំដោះស្រាយនៅពេលក្រោយ តាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់