ភ្នំពេញ: លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក ដឹកនាំកម្លាំងប្រជាការពារចុះរំដោះចិញ្ចើមផ្លូវសាធារណ:ចាប់ផ្តើមពីផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ចំណុចផ្សារហេងលី ដែលអាជីវករលក់ដូរគ្រឿងបន្លាស់ម៉ូតូសង់រោងជាតូបរាំងសន្ទះមិនមានចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង កាលពីព្រឹកម៉ោង៨:៣០នាទីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។
លោក ប៉ាង លីដា បានប្រាប់ថាការចុះមករុះរើនេះបន្ទាប់ពីបានណែនាំចែកលិខិតជូនដំណឹងជាច្រើនលើកច្រើនសារសំណូមពរពួកគាត់តែមិនមានការចូលរួមសហការ ដើម្បីសង្គមសោះឡើយ។
ដូច្នេះហើយទើបដឹកនាំកម្លាំងចុះមកអនុវត្តន៍ទោះជាអ្នកកាងយ៉ាងណាក៏ដោយឲ្យតែរំលោភយកចិញ្ចើមផ្លូវនិងផ្លូវសាធារណៈធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនត្រូវតែចាត់វិធានការក្តៅ ដើម្បីសង្គមនិងដោះស្រាយបញ្ហាចរាចរណ៍ផងដែរ។
ក្រោយចុះប្រតិបត្តិការនេះ កម្លាំងគណៈកម្មការក៏បានយកកិច្ចសន្យាឲ្យអាជីវករទាំងអស់ចុះហត្ថលេខា និងផ្តិតមេដៃ មិនឲ្យរំលោភលើចិញ្ចើមផ្លូវបន្តទៅទៀតទេ ប្រសិននៅតែបន្ត កម្លាំងនិងធ្វើការអនុវត្តច្បាប់ចាប់យកទៅសាលាខណ្ឌទាំងអស់។
លោកសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋចូលរួមសហការអនុវត្តន៍ជាប្រចាំ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ៕
មតិយោបល់