ព័ត៌មានជាតិ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​ ដឹកនាំសមត្ថកិច្ចចម្រុះចុះឆែកឆេរ​ទីតាំងរក្សាទុក​ និងចែកចាយ​គ្រឿងសម្អាងខុសច្បាប់

ភ្នំពេញៈ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន​ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​ លោក ហួត សេងថុង អនុប្រធាននាយកដ្ឋានឱសថនៃក្រសួងសុខាភិបាល និងលោក ងិន ពេជ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយនិងកម្លាំងអាជ្ញាធរខណ្ឌចំការមនបានឆ្មក់ចុះបង្ក្រាបទីតាំងឃ្លាំងស្តុក និងចែកចាយគ្រឿងសម្អាងមួយកន្លែង ដោយបានរកឃើញគ្រឿងសម្អាងចំនួនជាង ៤០ប្រភេទ និងមានរហូតទៅដល់ចំនួនជាង ៥០០កេះ។

ក្នុងប្រតិបត្តិការនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ៩ និង ២០នាទីព្រឹក ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ ២០បេ និង ២០សេ ផ្លូវលេខ ៣២៨ ក្រុមទី២៤ ភូមិ៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។

លោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន​ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានប្រាប់ឲ្យដឹងថា ដោយមានការស្រាវជ្រាវអំពីសំណាក់កម្លាំងជំនាញនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមនៃក្រសួងមហាផ្ទៃ របស់លោកដែលសុទ្ធតែបានរៀនសូត្រត្រឹមត្រូវទៅតាមជំនាញនេះ។ ក្នុងពេលកន្លងមកនេះកម្លាំងរបស់យើងធ្លាប់បានអនុវត្តន៍ចុះបង្ក្រាបរួមគ្នាជាគណៈកម្មាធិការបែបនេះ ធ្វើការងារនេះបានស្ពាតស្អំ និងត្រឹមត្រូវ ហើយនិងធ្វើឡើងទៅតាមព័ត៌មានពីប្រជាពលរដ្ឋខ្លះដែលគាត់មិនចូលចិត្ត ទៅនឹងអ្វីជាការរកស៊ីមិនត្រូវទៅតាមច្បាប់នោះ។

ដោយមានការយកចិត្តទុកដាក់ និងបញ្ជាដោយផ្ទាល់អំពីសំណាក់លោក មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ទើបក្នុងថ្ងៃនេះដែរកម្លាំងរបស់បានឈានទៅដល់ការចុះបង្ក្រាបនូវទីតាំងស្តុកទុកគ្រឿងសម្អាងមួយកន្លែងនេះ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ដោយម្ចាស់ទីតាំងខាងលើមានឈ្មោះ រ៉ែន ឡេង ភេទស្រី អាយុ ៥១ឆ្នាំ មុខរបរជាជីវករ ស្នាក់នៅផ្ទះលេខ ២០បេ និង ២០សេ ផ្លូវលេខ ៣២៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ដោយកម្លាំងរបស់លោកបានរកឃើញគ្រឿងសម្អាងដែលលួចស្តុកទុក និងចែកចាយនូវគ្រឿងសម្អាងជាច្រើន ដែលមានភាគច្រើនដូចជា ឡេលាបស្បែក សាប៊ូគ្រប់ប្រភេទ ម្សៅលាប រួមទាំងគ្រឿងសម្អាងផ្សេងៗទៀត ដែលមានរហូតទៅដល់ចំនួនជាង ៤០ប្រភេទ និងចំនួនជាង ៥០០កេះឯណោះ។

ដោយគ្រឿងសម្អាងទាំងអស់នេះ បាននាំចូលមកពីប្រទេស សាំងហ្គាពួរ ប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីផងដែរ នេះបើយោងទៅតាមពិនិត្យឃើញលើសំបកដប ឬកំប៉ុងរបស់វា។

ក្រោយពីប្រតិបត្តិការបង្ក្រាបផលិតក្លែងក្លាយនេះដែរ ស្ត្រីជាម្ចាស់ទីតាំងស្តុកទុក និងចែកចាយគ្រឿងសម្អាងទាំងជាង ៤០ប្រភេទ និងមានរហូតទៅដល់ជាង ៥០០កេះ ខាងលើនេះ ត្រូវបានដកហូតយកទៅរក្សាទុកនៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ ដើម្បីធ្វើការចាត់ការទៅតាមនិតិវិធី និងបិទទីតាំងខាងលើនេះជាបណ្តោះអាសន្នផងដែរ៕

មតិយោបល់