ព័ត៌មានជាតិ

រថយន្តខ្នាតធំបុកនិងកិនខ្ទេចអ្នកជិះម៉ូតូមួយកំណាត់ក្រោម ស្លាប់យ៉ាងណោចអាធ័ម

ឧត្តរមានជ័យ: រថយន្តខ្នាតធំមួយគ្រឿងមិនស្គាល់ម៉ាក បានបើកបុកអ្នកជិះម៉ូតូកិនខ្ទេចមួយកំណាត់ក្រោម បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ម្នាក់ ចំណែករថយន្ដបង្កបើកគេចខ្លួនដោយសុវត្ថិភាព ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាចន្លោះពីម៉ោង១១ទៅ១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥៦ ស្ថិតនៅខាងលិចភូមិទន្លេស ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

តាមរបាយការណ៍ របស់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក បានឲ្យដឹងថា ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវឃើញហេតុការណ៍ ខាងលើ ក៏បានចុះទៅកន្លែងកើតហេតុភ្លាមៗ ក៏បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយសាររថយន្តខ្នាតធំបុក និងកិនខ្ទេចមួយកំណាត់ក្រោម ក្នុងខណ:ពេលជនរងគ្រោះ កំពុងជិះម៉ូតូម៉ាកហុងដាវេវ សេរី០១៤ អត់ស្លាកលេខ ហើយរថយន្តក៏បានគេចខ្លួនដោយសុវត្ថិភាព ពីព្រោះពេលកើតហេតុភ្លាមៗគ្មានអ្នកណាម្នាក់ឃើញឡើយ ដោយសារតែកន្លែងគ្រោះថ្នាក់ខាងលើ ដាច់ស្រយាល ពីផ្ទះប្រជាពលរដ្ឋ និងយប់ជ្រៅផង មិនសូវមានអ្នកឆ្លងកាត់។

បច្ចុប្បន្ន កម្លាំងនគរបាលជំនាញរកសាច់ញាតិជនរងគ្រោះ ដើម្បីយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ដបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវនាំយកដោះស្រាយតាមផ្លូវច្បាប់៕

IMG_3155 IMG_3153 IMG_3149 IMG_3154

មតិយោបល់