ព័ត៌មានជាតិ

រថយន្តដឹកទំនិញធុនធំមួយគ្រឿង រេចង្កូតបុកសួនពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាតធ្ងន់ធ្ងរ

ភ្នំពេញៈ នៅវេលាម៉ោង០៤និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍​ មួយបានកើ​តឡើង រថយន្តដឹកទំនិញធុនធំ មួយគ្រឿង បើកបររេចង្កូតជ្រុលបុកសួនច្បារពុះចែកទ្រូងពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាត បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ទីតាំងស្ថិតតាមបណ្ដោយផ្លូវម្ដុំទំនប់កប់ស្រូវ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកទំនិញធុនធំ មួយគ្រឿង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើនេះ បានរេចង្កូត ជ្រុលទៅបុកសួនច្បារពុះចែកទ្រូងពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើងតែម្តង ។ បន្ទាប់ពីកើតហេតុតៃកុងរថយន្តបានដាក់មេប្រូច រត់គេចខ្លួនបាត់ស្រមោល ។ ករណីនេះគ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។ ចំណែករថយន្តបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងសួន ច្បារពុះចែកទ្រូងផ្លូវ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋនោះ ក៏រងការខូចខាតខ្លាំងណាស់ដែរ ។

នៅក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ភ្លាមៗផងដែរ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ យោងតាមការឲ្យដឹងពីសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានបញ្ជាក់ប្រាប់ភ្នាក់ងារនៃអង្គភាពសារព័ត៌ មានPost News យើងខ្ញុំថា ករណីនេះបណ្តាលមកពីកត្តាអ្នកបើកបរងងុយដេក ទើបរថយន្តរេចង្កូតជ្រុលបុកសួនច្បារក្រឡាប់ផ្ងារជើង ។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ សមត្ថកិច្ចដដែលបានបញ្ជាក់ប្រាប់ឲ្យដឹងបន្តទៀតថា រថយន្តបង្កហេតុនេះ បានប្រគល់ ទៅឲ្យខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំ ឲ្យម្ចាស់ចូលខ្លួនទៅដោះស្រាយជាមួយសមត្ថកិច្ច នៅពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់