ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

គណៈកម្មាធិការចម្រុះ នឹងចុះស៊ើបអង្កេតសម្ភពសោភា ក្រោយផ្ទុះករណីទារកម្នាក់ស្លាប់

ភ្នំពេញៈ ក្រោយផ្ទុះករណីទារកម្នាក់ បានស្លាប់នៅក្នុងសម្ភពសោភាហ្គោល ដែលមានទីតាំងនៅម្ដុំរោងកុនគិរីរម្យ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា បាន១ថ្ងៃ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក សុខ គន្ធ បាននិយាយថា គណៈកម្មាធិការចម្រុះ នឹងចុះធ្វើការស៊ើបអង្កេត ប្រសិនបើជាមានពាក្យបណ្ដឹងពីជនរងគ្រោះ។

បើតាមលោក សុខ គន្ធ បានប្រាប់ Post News នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះថា “ប្រសិនបើមានពាក្យបណ្ដឹង ខាងយើងនឹងចុះពិនិត្យ តែបើគ្មានពាក្យបណ្ដឹង យើងមិនចុះពិនិត្យទេ ដោយសារសម្ភពសោភា ម្ចាស់គ្លីនិកជារដ្ឋលេខាធិការ នៅក្រសួងសុខាភិបាល ឈ្មោះ តាន់ វួចឆេង និងជាដន្លងលោក ហេង តៃគ្រី”

ទោះជាមានការលើកឡើងបែបនេះក្ដី សារព័ត៌មាន Post News មិនអាចទំនាក់ទំនងសុំការពន្យល់ពីអ្នកគ្រប់គ្រងសម្ភពសោភាហ្គោល បានទេ នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ។

បើតាមមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ចាប់ពីពេលនេះតទៅ ក្រសួងសុខាភិបាល នឹងមានចំណាត់ការក្ដៅទៅលើគ្លីនិកឯកជនមួយចំនួន ដែលមិនបានអនុវត្តតាមច្បាប់ ដូចជា ការចរាចររថយន្តសង្គ្រោះមិនពាក់ស្លាកលេខត្រឹមត្រូវ មិនមានឧបករណ៍គ្រប់គ្រាន់សម្រាប់សង្គ្រោះអ្នកជំងឺ រួមនឹងគ្លីនិកខ្លះ មានបញ្ហាជាដើម។

យោងទៅតាម គណនីហ្វេសប៊ុកឈ្មោះ Veasna Good បានបង្ហាញកាលពីថ្ងៃម្សិលមិញថា “មន្ទីពេទ្យសម្ភពសោភាហ្គោល ធ្វើឲ្យកូនខ្ញុំស្លាប់ខ្ញុំបានមើលថែកូនតែមួយថ្ងៃមួយយប់សោះកូនប្រុសរបស់ខ្ញុំក៏ស្លាប់ចោលខ្ញុំបាត់ 😭😭😭😭😭😭។ ជាមួយគ្នានេះ ស្ត្រីជាម្ដាយក៏បានបញ្ចេញវីដេអូឃ្លីបខ្លីមួយបន្ថែមទៀត នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះថា “រឿងហួសអស់ហើយទោះបីខ្ញុំប្តឹងក៏ជីវិតកូនខ្ញុំមិនវិលត្រឡប់មកវិញដែល សូមបងបងប្អូនយកខ្ញុំជាគំរូកុំទុក្ខចិត្តអ្នក ណាក្រៅពីខ្លួនឯង”

https://www.youtube.com/watch?v=ABluYgTCDwY&feature=youtu.be

ហេតុតែភាពអាឡោះអាល័យស្រណោះចំពោះកូនរបស់ខ្លួន ដែលបានឱបនឹងទ្រូងមិនដល់មួយសប្ដាហ៍ផងនោះ កូនដែលគួរឲ្យស្រឡាញ់ ដែលមានរូបរាងទ្រលុកទ្រលន់ ក៏បានឃ្លាតឆ្ងាយពីម្ដាយរបស់ខ្លួនក្នុងពេលតែមួយនាទី ព្រោះតែភាពធ្វេសប្រហេសរបស់ពេទ្យ។

ស្ត្រីដែលមានសម្បុរស្រអែម បានរៀបរាប់ដោយអ៊ួលដើមក លាយឡំនឹងទឹកភ្នែកហូរចុះមកដោយមិនដឹងខ្លួន និងបន្សល់ការឈឺចាប់ក្នុងក្រអៅបេះដូង ព្រោះតែភ័ក្ត្រកូនបានឃ្លាតឆ្ងាយពីម្ដាយ ក្រោយពីម្ដាយខំពរពោះអស់រយៈពេល៩ខែ១០ថ្ងៃ តែចុងក្រោយមច្ចុរាជក៏បានពង្រាត់កូនពីដើមទ្រូងម្ដាយ ដោយមិនទាន់ទាំងបានឃើញពន្លឺព្រះអាទិត្យស្រួលបួលផង។ “នេះហើយជំនាញគ្រូពេទ្យសម្ភពសោភា ដែលបានសម្លាប់កូនរបស់ខ្ញុំ ព្រោះតែមិនមានជំនាញច្បាស់លាស់ ដែលបំបៅទឹកដោះគោកូនរបស់ខ្ញុំ មិនបានមើលឲ្យដិតដល់ បណ្ដាលឲ្យឈ្លក់ស្លាប់។” នេះជាសម្ដីរបស់ស្ត្រីរងគ្រោះ ជាម្ដាយវ័យ៣១ឆ្នាំ។

ឪពុកទារករងគ្រោះ ត្រូវបានគេប្រាប់ថា ឈ្មោះ ពៅ ពុត អាយុ៣២ឆ្នាំ មានមុខរបរលក់ថ្នាំពណ៌ នៅផ្លូវលេខ២១៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ លោក ពៅ ពុត បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលនៅថ្ងៃទី២៣ ខែឧសភាម្សិលមិញថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ភរិយារបស់គាត់មានទម្ងន់គ្រប់ខែ ត្រូវឆ្លងទន្លេ ហើយគាត់ក៏បានដឹកទៅឆ្លងទន្លេនៅសម្ភពសោភា ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

បុរសជាឪពុករូបនេះ បញ្ជាក់ថា កូនរបស់លោកបានកើតមកជាមួយសុខភាពល្អធម្មតា ប៉ុន្តែក្រោយកើតបាន៣ថ្ងៃ ស្រាប់តែគិលានុបដ្ឋាយិកាម្នាក់ បានបំបៅទឹកដោះគោ បណ្តាលឲ្យឈ្លក់ខ្លាំង ហើយមិនព្រមបញ្ឈប់ទៀត ទើបធ្វើឲ្យទារកខ្សោយសុខភាពទន់ទៅៗ រួចក៏ដឹកទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ។ បន្ទាប់ពីសង្រ្គោះបានបន្តិច កូនរបស់គាត់ក៏បានអស់ខ្យល់ស្លាប់តែម្តង។

ចំណែកស្ត្រីជាម្ដាយឈ្មោះ សរ ចាន់វាសនា អាយុ៣១ឆ្នាំ បានទ្រហោយំយ៉ាងខ្លាំង ដោយបន្ទោសខ្លួនឯងថា ជាអ្នកបណ្តែតបណ្តោយឲ្យគិលានុបដ្ឋាយិកាបំបៅទឹកដោះគោកូន ធ្វើឲ្យកូនរបស់គាត់ស្លាប់។ «កូនខ្ញុំបានស្លាប់ហើយ នេះគឺមកពីការធ្វេសប្រហែសរបស់ខ្ញុំ ខ្ញុំជាម្ដាយភ្លើបំផុត ខ្ញុំមិនចេះមើលកូន ខ្ញុំឲ្យពួកមីពេទ្យឆ្កូតបំបៅទឹកដោះគោកូនដល់ឈ្លក់ស្លាប់ ហើយនេះជាមេរៀនជីវិតដ៏ឈឺចាប់របស់ខ្ញុំ សូមបងប្អូនកុំទុកចិត្តអ្នកណាក្រៅពីខ្លូនឯងឲ្យសោះ»

https://www.youtube.com/watch?v=7O4MaACM2jw&feature=youtu.be

ក្រុមគ្រូពេទ្យសង្គ្រោះទារករងគ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត បានអះអាងពីការស្លាប់របស់ទារកថា បណ្តាលមកពីឈ្លក់ទឹកដោះគោ ជ្រាបដល់សួត បុកទៅដល់បេះដូង ធ្វើឲ្យឈាមដើរបញ្ជ្រាស ហើយក៏ស្លាប់តែម្តង។

បើតាមការឲ្យដឹងពីឪពុកទារក បានឲ្យដឹងទៀតថា ការសម្រាលកូននៅសម្ភពសោភាហ្គោល លោកត្រូវចំណាយថ្លៃសម្រាល និងស្នាក់នៅ៥យប់ ៥ថ្ងៃ ចំនួន៨០០ដុល្លារ។ លោក ពៅ ពុត បានបញ្ជាក់ថា ការធ្វេសប្រហែសរបស់គិលានុបដ្ឋាយិកានៅក្នុងសម្ភព ជាកំហុសឆ្គងមួយដ៏ធ្ងន់ណាស់ទៅហើយ ដែលសម្ភពគួរតែព្យាយាមជួយសង្រ្គោះដល់កូនរបស់លោក តែសម្ភពបែរជាទារលុយ១០០ដុល្លារ សម្រាប់ការដឹកទារកទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតថែមទៀត។ លោកបានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះកាយវិការរបស់ «សម្ភពសោភាហ្គោល»

ពាក់ព័ន្ធករណីនេះ Post News បានទំនាក់ទំនងទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ដើម្បីសុំការបំភ្លឺ ប៉ុន្តែទូរស័ព្ទចូល មិនមានអ្នកទទួល៕

photo_2016-05-24_11-21-593535345

222 333 444 555 666 photo_2016-05-24_11-22-03 photo_2016-05-24_11-22-05

មតិយោបល់