ភ្នំពេញៈ ប្តីប្រពន្ធ២នាក់ បានស្លាប់យ៉ាងណោចអាធ័មទាំងគូ ចំណែកកូនតូចអាយុ១ខួបវិញរងរបួសធ្ងន់ ខណៈដែលពួកគាត់ឌុបគ្នាព្យាយាមជិះម៉ូតូដេញតាមចោរឆក់កាបូបរបស់ប្រពន្ធគាត់ តែបែរជាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បែបនេះទៅវិញ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីអ្នកដែលបានឃើញហេតុការណ៍ផ្ទាល់បានឲ្យដឹងថា មុនដំបូងឡើយគេបានឃើញបុរសខាងលើបានជិះម៉ូតូគ្រឿងម៉ាក PCX ពាក់ស្លាកលេខ ភ្នំពេញ 1DC-5728 ជិះឌុបប្រពន្ធនិងកូនតូចអាយុ១ខួបទៅផ្ទះ ខណៈដែលធ្វើដំណើរលើកំណាត់ផ្លូវចម្ការដូង(២១៧) ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកន្លែងកើតហេតុ ក៏លេចមុខជនសង្ស័យម្នាក់បានជិះម៉ូតូគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះមកអែបម៉ូតូរបស់ជនរងគ្រោះ រួចក៏ធ្វើសកម្មភាពឆក់ខ្សែរក ឯប្រភពមួយទៀត ថាឆក់កាបូប ពីប្រពន្ធរបស់ជនរងគ្រោះដែលអង្គុយពីក្រោយយកទៅបានសម្រេច ភ្លាមៗជនសង្ស័យក៏បន្ថែមល្បឿនជិះគេចខ្លួន តែត្រូវបុរសជាប្តីឃើញបែបនេះ ក៏ជិះម៉ូតូយ៉ាងលឿនព្យាយាមដេញតាមនិងស្រែកខ្លាំងថា( ជួយចាប់ចោរៗ ចោរឆក់ៗ ) ដោយជិះម៉ូតូដេញតាមម៉ូតូរបស់ជនសង្ស័យរហូត តែជាអកុសលជនរងគ្រោះក៏ជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ ដោយម៉ូតូរបស់គាត់បានជ្រុលចង្កូតទៅបុកគូទរថយន្ត មួយគ្រឿងដែលកំពុងបើកស្របទិសដៅគ្នាពេញទំហឹង លាន់ដូចរន្ទះ បណ្តាលឲ្យទាំង៣នាក់ឪពុកម្តាយនិងកូនតូច រួមនិងម៉ូតូ ផ្លោងហោះចេញពីគ្នា បណ្តោយឲ្យប្រពន្ធរបស់គាត់ បោកក្បាលនៅនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុ ចំណែកបុរសជាប្តី រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែដោយអកុសល្យគាត់ក៏ស្លាប់ម្នាក់ទៀត ខណៈដែលបញ្ជូនដល់មន្ទីរពេទ្យ ។ដោយឡែកអ្វីដែលគួរឲ្យអនិច្ចាទៀតនោះ គឺកូនតូចដែលមានអាយុ១ខួប ដែលជិះម៉ូតូជាមួយម្តាយឪពុកនោះក៏រងរបួសធ្ងន់ទៀត។
ប្រភពព័ត៌មានបានបន្ថែមទៀតថា រថយន្តមួយគ្រឿងម៉ាក morning ពណ៌ស ដែលគ្មានស្លាកលេខ ដែលត្រូវម៉ូតូជនរងគ្រោះបើក បុកពីក្រោយនោះ ត្រូវបានម្ចាស់រថយន្តបើកយកទៅប្លុងចោលនៅក្នុងបុរីដែលនៅក្បែរនោះ ចំណែកម្ចាស់គេចខ្លួនបាត់ទៅ។
ជុំវិញរឿងរ៉ាវខាងលើនេះ ប្រជាពលរដ្ឋអ្នកនៅកន្លែងកើតហេតុបានបញ្ចាក់ថា នៅពេលកើតហេតុ គេក៏ចាប់បានជនសង្ស័យម្នាក់ផងដែរនៅក្នុងហេតុការណ៍នោះ ហើយពួកគាត់ក៏ប្រគល់ឲ្យសមត្ថកិច្ចសាកសួរផងដែរ។
ក្រោយកើតហេតុកើតហេតុសពប្តីប្រពន្ធរងគ្រោះខាងលើត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯផ្ទះ។ ចំណែកកូនប្រុសអាយុ១ខួបដែលរងរបួសធ្ងន់ត្រូវយកទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យ ។ ទោះយ៉ាងណាសមត្ថកិច្ចក៏បានចុះមកវាស់វែងយកម៉ូតូរបស់ជនរងគ្រោះ និងរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ ហើយចំណែកជនសង្ស័យដែលប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ចនោះគឺចាត់ចែកតាមជំនាញរបស់សមត្ថកិច្ច ៕
បញ្ជាក់៖ ក្នុងនោះ យើងក៏មានឡាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕
មតិយោបល់