ព័ត៌មានជាតិ

ចុមស្រវឹងជោគ! ហាយឡែនឌ័របុកទ្រូងផ្លូវខ្ទេចជាច្រើនកង់សង្ស័យចង់ចូលក្លឹបហើយមើលទៅ

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាកហាយឡែនឌ័រ មួយគ្រឿង បើកបរដោយបុរសម្នាក់ស្រវឹងស្រាជោគជាំ បានបើករថយន្តទៅបុករបាំងថ្ម ចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តផ្ទុះពោងសុវត្ថិភាពទាំងសងខាង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែករបាំងថ្មចែក ទ្រូងផ្លូវវិញខូចខាតអស់ចំនួន២កង់ផងដែរ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង២០នាទីយប់ ថ្ងែទី២៩ ខែមិថុនា ឆ្នាំ២០១៧ បណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AF-1182 បើកបរដោយបុរសម្នាក់ ក្នុងស្ថាភាពស្រវឹងស្រាជោគជាំ ធ្វើដំណើរចេញពីផ្លូវមួយនៅទល់មុខកន្លែងកើតហេតុ ក្នុងល្បឿនយ៉ាងលឿន ដោយមានសភាពស្រវឹងជោគខ្លួន បានបើករថយន្តទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តហាយឡែនឌ័រខាងលើ ផ្ទុះបែកពោងទាំងសងខាង រងការខូចខាតផ្នែកខាងមុខធ្វើឲ្យរបាំងថ្មចែកទ្រូងផ្លូវ ខូចខាតអស់ចំនួន២កង់ផងដែរ ខណ:ដែលកើតហេតុរួចហើយនោះ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់បន្តទៀត ៕

មតិយោបល់