ព័ត៌មានជាតិ

ជនសង្ស័យចំនួន០២នាក់ ជាមុខសញ្ញាឆក់ទូរស័ព្ទដៃយ៉ាងសកម្ម ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺៈ យោងតាមផេក រដ្ឋបាលស្រុកបសេដ្ឋ បានឲ្យដឹងថា នារសៀលថ្ងៃពុធទី៧ ខែធ្នូ ឆ្នាំ២០២២ កម្លាំងអធិការដ្ឋានស្រុកបសេដ្ឋ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ ឃាត់មុខសញ្ញាឆក់ទូរស័ព្ទដៃយ៉ាងសកម្ម បានចំនួន០២នាក់បន្ទាប់ពីទទួលបានព័ត៌មាន ពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចស្រុកបសេដ្ឋ បានស្ទាក់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ បាននៅវេលាម៉ោង១និង៣០នាទីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភ្នំតាចាន់ ស្ថិតនៅភូមិស្រែព្រីង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មុខសញ្ញាសង្ស័យទាំង០២នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ម៉ាក សាម៉ាញ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិត្រពាំងលើក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (អ្នកឆក់ ) ។
២- ឈ្មោះ នួន ប្រុស ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (អ្នកបើកម៉ូតូ) ។

ដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃម៉ាក OPPO របស់ជនរងគ្រោះឈ្មោះ អុប ឈីវ ចំនួន០១គ្រឿង និងម៉ូតូរបស់ជនសង្ស័យម៉ាក C125 ពណ៌ខ្មៅ ស៊េរី២០២២ គ្មានស្លាកលេខមួយគ្រឿង ។ ចំពោះវត្ថុតាងទូរស័ព្ទដៃបានប្រគល់ជូនជនរងគ្រោះប្រើប្រាស់វិញ ។

បច្ចុប្បន្នមុខសញ្ញាជនសង្ស័យចំនួន០២នាក់ខាងលើ សមត្ថកិច្ចបាននាំខ្លួនទៅសួរនាំ នៅអធិការនគរបាលបសេដ្ឋ ដើម្បីចាត់ការតាមនីតិវិធី ។ តាមចម្លើយជនសង្ស័យទាំង0២នាក់ បានសារភាពធ្លាប់បានធ្វើសកម្មភាពឆក់ បានសម្រេចសរុបចំនួន០៤លើក ៕

មតិយោបល់