ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនបាន ក្រោយពីបង្ក្រាបបានជាក់ស្តែង ដោយដកហូតបានថ្នាំញៀនចំនួន១១កញ្ចប់។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៧ និង៥០នាទី យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទល់មុខក្លឹបមីតណាយ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ សឿង ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងកាត់សក់
ស្នាក់នៅបន្ទប់ជួល ក្នុងភូមិកើតហេតុ ដោយមានស្រុកកំណើតភូមិឆ្លក ឃុំស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងជនសង្ស័យទី២ឈ្មោះ គា វ៉ាន់ដា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុ មានស្រុកកំណើតភូមិអន្លង់ទ្រា ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
តាមប្រភពពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ ដោយមានការបញ្ជាផ្ទាល់ពីលោកវីរៈសេនីយ៍ឯក យឹមសារ៉ាន់ ឲ្យល្បាតពួនស្ទាក់បទល្មើសក្នុងមូលដ្ឋានទើបកម្លាំងបានសហការគ្នាធ្វើការល្បាតការពារក្នុងភូមិសាស្ត្រស្មុកស្មាញ កុំឲ្យកើតមាន លុះមកផ្លូវចូលបុរី ទល់មុខក្លឹបមីតណាយ ក៏ឃើញជនសង្ស័យទាំង២នាក់កំពុងអង្គុយនៅតូបកាត់សក់ ដោយកម្លាំងមានការសង្ស័យបានឈប់ម៉ូតូហៅឃាត់ខ្លួននាំ ឆែកឆេរនៅជុំវិញខ្លួនជនសង្ស័យរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១១កញ្ចប់តូចនៅលើដីក្បែរខ្លួនជនសង្ស័យ ក្រោយមកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យនិងវត្ថុតាងមកសួរនាំនៅផ្នែកជំនាញតែម្តង។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ផ្នែកជំនាញប្រឆាំងគ្រឿងញៀន
នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់បន្តទៀត៕
មតិយោបល់