បន្ទាយមានជ័យៈ ផ្ទះចំនួន៣ខ្នង ស័ង្កសី៥៣សន្លឹក ដែលជាអំណោយរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ រួមនិងអំណោយជាច្រើនទៀត ត្រូវបានលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ប្រគល់ និងចែកជូន ដល់ប្រជាពលរដ្ឋសង្កាត់ប៉ោយប៉ែតចំនួន៩ គ្រួសារ។ ការប្រគល់ និងនាំអំណោយចែកជូនប្រជាពលរដ្ឋក្នុងសង្កាត់ប៉ោយប៉ែតនេះ ធ្វើឡើង កាលពីថ្ងៃទី២៣ ឧសភា ២០១៦ និងមានការចូលរួមពី សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាក្រុង ជាច្រើនរូប។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយមានការគិតគូរ និងយកចិត្តទុកដាក់ពីសំណាក់ប្រមុខដឹកនាំកម្ពុជា ក៏ដូចជាតាមផែនការណែនាំរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ លើការចូលរួមជូនប្រជាពលរដ្ឋជួបការលំបាក កម្លាំងសមត្ថកិច្ចប៉ូលិសក្រុងប៉ោយប៉ែត តែងចុះជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋជួបការលំបាក និងគ្មានទីលំនៅសមរម្យ។
ជាក់ស្តែងថ្ងៃនេះ លោកបានដឹកនាំកម្លាំង រួម និងអាជ្ញាធរមូលដ្ឋាន បានប្រគល់ផ្ទះចំនួន៣ខ្នង បន្ទាប់ពីជួយសាងសង់រួចរាល់១០០% ដល់គ្រួសារពលរដ្ឋ ដែលរងការខូចខាតដោយសារគ្រោះធម្មជាតិ រួមមាន ១.ឈ្មោះ ហម តិ ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅមណ្ឌល៣ ភូមិប្រជាធម្មលិច ២.ឈ្មោះ ពៅ វណ្ណៈ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិអូរឫស្សី ៣.ឈ្មោះ ផន ចាន់ណា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិអូរឫស្សី ។
ជាមួយ និងការចុះប្រគល់ផ្ទះជូនប្រជាពលរដ្ឋនេះដែរ លោក ក៏បានប្រគល់នូវស័ង្កសីសម្រាប់ប្តូរដំបូលផ្ទះដល់ពលរដ្ឋផ្សេងទៀតចំនួន៦គ្រួសារ សរុប៥៣សន្លឹក និងសំភារៈសិក្សា ដល់កុមារកំព្រាចំនួន៣នាក់ រួមមានសៀវភៅ ប៉ិច និងសំលៀកបំពាក់ ផងដែរ៕
មតិយោបល់