កំពង់ស្ពឺៈ ដើម្បីប្រឡងប្រណាំងទីក្រុងស្អាត ក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ខេត្តកំពង់ស្ពឺ បានបំផុលចលនាមហាជន ចុះសម្អាតតាមច្រាំងស្ទឹងព្រែកត្នោត ចាប់ខាងលិចសាលាខេត្តរហូតមកដល់ទំនប់តាអួន ដោយបោចកំប្លោក កំផ្លង និងសំរាមផ្សេងៗទៀតចេញឱ្យអស់ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ និងអប់រំដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស ព្រះសង្ឃ ឱ្យចេះស្រឡាញ់បរិស្ថានជុំវិញខ្លួន និងចូលរួមសម្អាតទាំងអស់គ្នា ដើម្បីមុខខេត្ត ព្រមទាំងប្រទេសជាតិផងដែរ។
សកម្មភាពដងស្ទឹងព្រែកត្នោត ដើម្បីបំផុសចលនាមហាជនឱ្យស្រឡាញ់បរិស្ថាននេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ ដឹកនាំដោយលោក វ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ ក្រុមសម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាព កងកំលាំងយោធាភូមិភាគទី៣ តំបន់ប្រតិបត្តិការសឹងរង ខេត្តកំពង់ស្ពឺ កងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋាន កងរថក្រោះ ACO និងមន្ត្រីរាជការយ៉ាងច្រើនផងដែរ។
លោក វ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ បានថ្លែងថា ដើម្បីឱ្យមុខមានខេត្តកំពង់ស្ពឺទាំងមូល ក៏ដូចជាការចូលរួមការប្រឡងប្រណាំងទីក្រុងស្អាត ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្នុងការសម្អាតបរិស្ថាន ក្នុងដងស្ទឹងព្រែកត្នោត ដែលកំពុងតែមានកំប្លោក កំផ្លង និងសំរាមជាច្រើនទៀតនោះ ក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព បានសហាការជាមួយអាជ្ញាធរ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធក្នុងខេត្ត បានរួមគ្នាចុះសម្អាតកាត់ ដើម្បីរុញកំប្លោកទាំងចេញឱ្យអស់ក្នុងស្ទឹងចាប់ពីខាងលិចសាលាខេត្ត ដល់ទំនប់បង្ហៀរទឹកខាងក្រោម ឬហៅថាទំនប់តាអួន។
លោក បន្ត ចលនា មហាជនដើម្បីសម្អាតបរិស្ថាននេះ ត្រូវបានអាជ្ញាធរ មន្ត្រីរាជការ ប្រជាពលរដ្ឋ បានធ្វើជាញឹកញាប់ ក្នុងការបណ្តុះស្មារតីដល់យុវជនគ្រប់ស្រទាប ឱ្យចេះស្រឡាញ់បរិស្ថានជុំវិញខ្លួនយើង មិនត្រូវចោលសំរាមផ្ដេសផ្ដាសតាមទីសាធរណៈនានា ដែលជាទង្វើមិនល្អ និងខុសច្បាប់ស្តីពីបរិស្ថានផងដែរ។
សូមបញ្ជាក់ថា ការចូលរួមសំអាត ក្នុងស្ទឹងព្រែកត្នោតកំលាំងប្រដាប់អាវុធ មន្ត្រីរាជការបានចុះទឹកកាត់កំប្លោក រុញទំលាក់ទៅខាងក្រោម ដើម្បីសម្អាតផ្ទៃបឹង ក្នុងការទាក់ទាញផ្ញៀវទេសចរណ៍មកកំសាន្ត នឹងចូលរួមប្រឡងប្រណាំងទីក្រុងស្អាតស្របតាមយុទ្ធសាសន៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
កំលាំងមហាជនចូលរួមរាប់រយនាក់បានចូលរួមសកម្មភាពនេះ ក្នុងនោះពួកគាត់បានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីជួយការងារសង្គមដោយមិនគិតពីការនឿយហត់។
ឆ្លៀតក្នុងឱកាសនោះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានថ្លែងអំណរគុណដល់កងកំលាំងទាំងអាវុធហត្ថ និងកងយោធាដែលបានជួយអន្តរាគមន៍ ប្រកបដោយគ្រោះថ្នាក់ក្នុងសង្គ្រោះ នឹងពន្លត់អគ្គិភ័យដែលបានឆេះរោងចក្រ ឃុំកាហែង ស្រុកសំរោងទង កាលពីកន្លងទៅថ្មីនេះ និងកោតសរសើរដល់បងប្អូន ក្រៅពីការពារទឹកដីឆ្លៀត ចូលរួមសម្អាតបរិស្ថាន ដើម្បីមុខមាត់ខេត្តកំពង់ស្ពឺ យើងទាំងមូលផងដែរ៕
មតិយោបល់