ភ្នំពេញៈ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចកាច់សោកម៉ូតូរបស់គេដែលទុកនៅខាងមុខផ្ទះបានសម្រេច តែជិះរត់បានប៉ុន្មាននាទីត្រូវម្ចាស់គេឃើញទាន់ ក៏ស្រែកផ្អើលប្រជាពលរដ្ឋនាំគ្នាដេញតាមចាប់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗតែម្តង។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងែទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅម្តុំផ្សារសំណង់១២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយត្រូវប្រជាពលរដ្ឋនិងម្ចាស់ម៉ូតូឃាត់ខ្លួនបាននៅវេលាម៉ោង៨និង៥នាទីយប់ ថ្ងៃដដែល នៅចំណុចផ្លូវលេខ២៧១ កែងនិងផ្លូវលេខ២០០៤ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះមានឈ្មោះ ធា ឧមត្ត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ ដោយមានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនរងគ្រោះឈ្មោះ សែន វិសេដ្ឋ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនស្រាបៀរកម្ពុជា ស្នាក់នៅផ្ទះជួលលេខ៩ ផ្លូវលេខ ២៧១ ក្រុមទី៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូបានឲ្យដឹងថា ម៉ូតូដែលត្រូវជនសង្ស័យលួចកាច់កយកនេះម៉ាកស្តុបពី ពណ៌បៃតង ពាក់ស្លាកលេខ បាត់ដំបង 1N-9543 បានជិះមកទុកនៅមុខផ្ទះ លុះមកដល់វេលាកើតហេតុ ក៏ឃើញជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស្ទេប ពាក់ស្លាកលេខ ភ្នំពេញ 1N-8785 បានជិះចុះឡើងនៅមុខផ្ទះគាត់ ប៉ុន្តែមិនចាប់អារម្មណ៍ ខណ:ដែលគាត់ដើរចូលផ្ទះមួយភ្លែត ជនសង្ស័យក៏ឈ្លៀតឱកាសធ្វើសកម្មភាពលួចកាច់កម៉ូតូគាត់យកទៅតែម្តង។ ភ្លាមៗពួកគាត់ក៏បាននាំគ្នាដេញតាមជនសង្ស័យដែលជិះរត់មកដល់ផ្លូវលេខ២៧១ កែងនិងផ្លូវលេខ២០០៤ ក៏ត្រូវគាត់ជាម្ចាស់ម៉ូតូនាំគ្នាដេញតាមទាន់ឃាត់ខ្លួនបានភ្លាមប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ ធ្វើការឃាត់ខ្លួនបណ្តោះអាសន្នដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់តុលាការ ចាត់ការតាមនីតិវីធីច្បាប់៕
មតិយោបល់