កំពង់ឆ្នាំងៈ សាខាកាកបាទក្រហមខេត្ត បាននាំយកអំណោយ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសារសពកុមារា២នាក់ លង់ទឹកស្លាប់ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញនេះ នៅក្នុងភូមិបាញ់ឆ្កោល ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក សោម វឺន អភិបាលស្រុករលារប្អៀរ បានឲ្យដឹងថា លោកមានការសោកស្តាយចំពោះការបាត់បង់កូនៗ ដែលជាទីស្រឡាញ់ ហើយលោកគ្មានអ្វីក្រៅពីការចួលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារសពតែប៉ុណ្ណោះ បន្ទាប់ពីទទួលព័ត៌មានដ៏ក្រៀមក្រំនេះ។
លោកបានបន្តថា ថ្ងៃនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង មានតំណាង ចូលរួមជាមួយគ្រួសារសព ដើម្បីពាំនាំនូវការចូលរួមរំលែកទុក្ខជាមួយគ្រួសារសពកុមារារងគ្រោះទាំង២គ្រួសារដែលកំពុងមានទុក្ខ និងបាននាំយកអំណោយជូនដល់គ្រួសារទាំងពីរផងដែរ។ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ត្រីខ ទឹកក្រូច ទឹកសុទ្ធ និងថវិកាចំនួន ១២ម៉ឺនរៀល។ លោកបន្ថែមថា ថ្វីត្បិតថវិកាពេលនេះ បន្តិចបន្តួចពិតមែន តែនេះគ្រាន់ជាការចូលរួម និងជួយសម្រាលបន្ទុកខ្លះតែប៉ុណ្ណោះ។
គួររំលឹកផងដែរ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ កុមារាបីនាក់ ជិះកង់ឌុបគ្នាចេញពីសាលា បានធ្លាក់ចូលទឹកហូរក្រោមស្ពាន កំពុងតែហូរខ្លាំងបណ្តាលឲ្យ កុមារា២នាក់ បានស្លាប់បាត់បង់ជីវិត និងម្នាក់រួចផុតពីសេចក្តីស្លាប់ ដោយមានសំណាងល្អចាប់តោងមែកឈើជាប់៕






មតិយោបល់