អចលន​ទ្រព្យ

ប្រាសាទអង្គរវត្តជាប់ជាសំណង់ដ៍អស្ចារ្យបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០១៧

ដោយមានការបោះឆ្នោតពីសំណាក់បណ្តាភ្ញៀវទេសចររាប់លាននាក់នៅជុំវិញពិភពលោក តាមគេហទំព័ររបស់ក្រុមហ៊ុនប្រឹក្សាយោបល់ អំពីការធ្វើដំណើរ (TripAdvisor Co.Inc) ប្រាសាទអង្គរវត្តរបស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោក សម្រាប់ឆ្នាំ ២០១៧ ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី ២៩ ខែមិថុនា ម្សិលមិញនេះ។

​ជាលើកទី​ ៤ ហើយដែលប្រាសាទអង្គវត្តត្រូវបានភ្ញៀវទេសចរណ៍បោះឆ្នោតគាំទ្រ និងទទួលបានចំណាត់ថ្នាក់លេខ ១ រយ:ពេល ៤ ឆ្នាំជាប់ៗគ្នា។

កាលពីឆ្នាំ ២០១៤ ប្រាសាទអង្គរវត្តបានជាប់ចំណាត់ថ្នាក់លេខ ១ ជាទីបុរាណវិទ្យា និងប្រវត្តិសាស្ត្រដ៍ល្បីល្បាញបំផុតលើពិភពលោក ArchaeoMadness ។ ឆ្នាំ ២០១៥ ប្រាសាទអង្គវត្តបានជាប់ចំណាត់ថ្នាក់លេខ ១ ជាទីប្រវត្តិសាស្ត្រដ៏ល្បីល្បាញបំផុតលើពិភពលោក តាមរយ:គេហទំព័រ TripAdvisor និង ឆ្នាំ ២០១៦ ប្រាសាទ អង្គរវត្ត បានជាប់ចំណាត់ថ្នាក់លេខ ១ ជារមណីដ្ឋានទេសចរណ៍វប្បធម៍ដ៏ល្បីល្បាញបំផុតលើពិភពលោក តាមរយ:គេហទំព័រ Lonely Planet។

សូមជម្រាបដែរកាលពីខែ ឧសភា ឆ្នាំ ២០១៦ កន្លងទៅប្រទេសកម្ពុជាត្រូវបានប្រកាសជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោក សម្រាប់ឆ្នាំ ២០១៦ និង ជាគោលដៅទេសចរណ៍វប្បធម៌ដ៏ពេញនិយម សម្រាប់ឆ្នាំ ២០១៦ ដោយមានការចាត់តាំងពី ប្រធាន ក្រុមប្រឹក្សាទេសចរណ៍ និង ពាណិជ្ជកម្មអឺរ៉ុប ក៏ដូចជាប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុបផងដែរ៕

មតិយោបល់