ភ្នំពេញៈ កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញលោក កោ វណ្ឌី ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសជនជាប់ចោទ ២នាក់ជាកម្មករសំណង់ ពាក់ព័ន្ធករណី រឹតក មេការប្លន់យកលុយចំនួន ១២០ដុល្លារ។
លោក រៀល សុភិន តំណាងអយ្យការបានចោទប្រកាន់ជនជាប់ចោទទី១ឈ្មោះ ជឹម សុផាន់ណា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករសំណង់ និងទី២ឈ្មោះ ឈឿន សុខឃីម ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករសំណង់ ពីបទ ឃាតកម្មគិតទុកជាមុន លើជនរងគ្រោះឈ្មោះ ធន់ ចាន់ធឿន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មេការសំណង់ និងបទ ប្រើប្រាស់នូវសាធាតុញៀនដោយខុសច្បាប់ ប្រព្រឹត្តកាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅចំណុច អគារ Easton International Apartment កំពុងសាងសង់ ដែលមានលេខ២១-២៣ ភូមិ២ ផ្លូវ៥១ កែងនិង ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ យោងតាមមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
នៅក្នុងសវនាការ ជនជាប់ចោទទាំង២នាក់បានទទួលស្គាល់ថាពួកគេពិតជាបានសម្លាប់ជនរងគ្រោះ ដោយរឹតក និងទម្លាក់មកដីពីជាន់លើអគារជាន់ទី៤។ ពួកគេបន្តថា នៅយប់កើតហេតុ ជនរងគ្រោះបានផឹកស្រានិងជក់គ្រឿងញៀនជាមួយពួកខ្លួន ដល់ម៉ោង ជាង ១១យប់ លុះដល់ម៉ោង ជិត៣ភ្លឺ ពួកគេបានយកខ្សែរឹតកជនរងគ្រោះសម្លាប់តែម្តង និងបានលើកបោះទម្លាក់ពីលើអគារជាន់ទី៤ បង្វែងដានថាជនរងគ្រោះលោតពីលើអគារ។ ដោយខ្លាចមានការសង្ស័យ ពួកបានព្យាយាមដឹកជនរងគ្រោះតាមរម៉កកង់៣ ទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ និងបំបិទភស្តុតាង ប៉ុន្តែនៅតែនគរបាលចាប់បានដដែល។
ទោះជាយ៉ាងណាសំណុំរឿងនេះត្រូវតុលាការលើកពេលទៅប្រកាសសាលក្រមនៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ខាងមុខវិញ៕
https://youtu.be/LVYajdWdeLs
មតិយោបល់