ព័ត៌មានជាតិ

ប្រទេសក្រីក្រប្រឈមមុខខកខានទទួលបានវ៉ាក់សាំងតាមរយៈ Covax ខណៈឥណ្ឌាផ្អាកការនាំចេញ

 

(ញូដេលី)៖ អង្គការសម្ព័ន្ធវ៉ាក់សាំង Gavi បាននិយាយថាកម្មវិធី Covax ដែលមានគោលបំណងផ្គត់ផ្គង់វ៉ាក់សាំងដល់បណ្ដាប្រទេសក្រីក្រកំពុងប្រឈមមុខនឹងបញ្ហារាំងស្ទះ បន្ទាប់ពីឥណ្ឌាបានសម្រេចចិត្តផ្អាកការនាំចេញវ៉ាក់សាំង AstraZeneca ផលិតដោយវិទ្យាសា្ថន Serum (SII) ដើម្បីបំពេញតម្រូវការវ៉ាក់សាំងនៅក្នុងស្រុក ខណ:ស្ថានការណ៍ COVID-19 នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះហាក់ដូចជាមិនធូរស្រាលទាល់តែសោះ។

ការសម្ដែងក្ដីព្រួយបារម្ភរបស់អង្គការសម្ព័ន្ធវ៉ាក់សាំង Gavi ដែលជាដៃគូដឹកនាំកម្មវិធី Covax ជាមួយអង្គការសុខភាពពិភពលោក WHO កើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌា ត្រូវបានរាយការណ៍កាលពីថ្ងៃពុធម្សិលមិញថាបានសម្រេចចិត្តពន្យារពេលការផ្ដល់អាជ្ញាបណ្ណនាំចេញវ៉ាក់សាំង COVID-19 ផលិតដោយវិទ្យាស្ថាន SII ដែលដំបូងឡើយគ្រោង
នឹងនាំចេញទៅក្រៅប្រទេស ក្នុងខែមីនា និងខែមេសាខាងមុខនេះ។

Gavi បានលើកឡើងថាការសម្រេចចិត្តបែបនេះ របស់ឥណ្ឌាបាននិងកំពុងបង្កការរាំងស្ទះដល់ការផ្គត់ផ្គង់ វ៉ាក់សាំងតាមរយ:កម្មវិធី Covax សម្រាប់បណ្ដាប្រទេសក្រីក្រី ឬប្រទេសមានប្រាក់ចំណូលទាបជាង៦៤ប្រទេស។ ប៉ុន្តែ ភ្លាមៗគេមិនទាន់ដឹងថាការសម្រេចចិត្តរបស់ឥណ្ឌានឹង ប៉ះពាល់ដល់ការផ្គត់ផ្គង់វ៉ាក់សាំងប៉ុន្មានលានដូសនោះទេ។

AFP៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។

មតិយោបល់