កណ្តាលៈ នៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនជនសង្ស័យ២នាក់ បណ្តោះអាសន្នពីបទ«ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» តាមមាត្រា៤១ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
មន្ត្រីតុលាការបានប្រាប់ឲ្យដឹងថា ជនសង្ស័យ២នាក់ដែលត្រូវបានលោកចៅក្រម សម្រេចឃុំខ្លួននោះទី១ ឈ្មោះ សុភក្ត្រា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានមុខរបរបើករថយន្ដ និងទី២ឈ្មោះ អ៊ុ សុភា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិអូរអណ្ដូង ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានមុខរបរកម្មករកាប់ជ្រូក។
សូមរំលឹកថា កើតហេតុនៅវេលាម៉ោង១១ និង១០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល ។ ជនសង្ស័យ៣នាក់ ៖១.ឈ្មោះ ឡុង សុភក្ត្រា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានមុខរបរបើករថយន្ដ (ឃាត់ខ្លួន),ទី២.ឈ្មោះ អ៊ុ សុភា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិអូរអណ្ដូង ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានមុខរបរកម្មករកាប់ជ្រូក (ឃាត់ខ្លួន) និងទី៣.ឈ្មោះ អៃ គឹមស្រេង ភេទប្រុសអាយុ៣១ឆ្នាំ មានទីលំនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានមុខរបរកម្មករកាប់ជ្រូក (រត់គេចខ្លួន) ។
វត្ថុតាងចាប់យក៖ ម្សៅក្រាមពណ៌សថ្លាមេតំហ្វេតាមីនម៉ាទឹកកក ICE សង្ស័យសារធាតុញៀន១៧កញ្ចប់ (តូច១៥កញ្ចប់ធំ ២កញ្ចប់),ម៉ូតូ២គ្រឿង ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ កណ្ដាល1U-5235 និងម៉ូតូម៉ាកXRគ្មានស្លាកលេខ ពណ៌ក្រហម និងសម្ភារ:សម្រាប់ប្រើប្រាស់ និងវេចខ្ចប់មួយចំនួនលុយខ្មែរ១២,០០០រៀល។
មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដឹងនាំដោយលោក ម៉ែន ច័ន្ទរិទ្ធ អធិការនគរបាលស្រុកកណ្ដាលស្ទឹង បានចុះសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំបារគូ និងដោយមានការចុះសហការ ដោយផ្ទាល់ពីការិយាល័យជំនាញប្រឆាំងបទល្មើលគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដោយបានការអនុញ្ញតពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានចុះទៅបង្រ្កាបទីតាំងជួញដូរថ្នាំញៀនមួយកន្លែងស្ថិតនៅចំណុចភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងបានឃាត់ខ្លួនជនសង្ស័យបាន២នាក់ និងម្នាក់ទៀតបានរត់គេចខ្លួន។
ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ សមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក១៧កញ្ចប់ (តូច១៥កញ្ចប់ និងធំ២កញ្ចប់)៕
មតិយោបល់