ព័ត៌មានជាតិ

សិស្សស្រីសាលាប្រគៀបម្នាក់ លង់ទឹកស្លាប់ ខណៈដែលសុំលោកនាយកឲ្យនាំសិស្សទៅលេងនៅប្រឡាយទឹកមួយកន្លែង

បាត់ដំបង: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានយុវតីវ័យក្មេងអាយុ១៥ឆ្នាំ រូបស្អាតម្នាក់ បានលង់ទឹកស្លាប់ក្នុងប្រឡាយយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចសំណង់ប្រឡាយ៧៥ ហៅប្រឡាយលេខ១ ស្ថិតក្នុងភូមិសាស្ត្រភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលលង់ទឹកស្លាប់ខាងលើនេះមានឈ្មោះ សូ សំនៀង ភេទស្រី អាយុ១៥ឆ្នាំ ស្នាក់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្នុងនោះដែរបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ច មូលហេតុគឺដោយសារតែថ្ងៃកើតហេតុ សិស្សសាលាអនុវិទ្យាល័យប្រគាបប្រហែល២០នាក់ជាង ក្រោយពីធ្វើពលកម្មក្នុងសាលារួច ក៏បានសំណូមពរសុំឲ្យលោកនាយកសាលាឈ្មោះ ស្វាយ ពៅ ភេទប្រុស អាយុ៤៨ឆ្នាំ ឲ្យជូនមកលេងទឹកនៅសំណង់ប្រឡាយ៧៥ ទឹកហូរខ្លាំង តែដោយសារតែជនរងគ្រោះមិនចេះហែលទឹក ក៏បណ្តាលឲ្យលង់ទឹកស្លាប់តែម្តង ទោះបីជាមានអ្នកលេងទឹក ជាមួយគ្នាជួយក៏មិនទាន់ ហើយបច្ចុប្បន្នសាកសពជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់